
អ្នកចាំទី Alisson Becker របស់ក្លិប Liverpool ត្រូវអវត្តមានប្រមាណ ៤សប្តាហ៍ពោលគឺរហូតដល់ពាក់កណ្តាលខែវិច្ឆិកា ព្រោះតែរូបគេបានរងរបួសសរសៃពួរ។
កីឡាករប្រេស៊ីល បានជួបប្រទះបញ្ហានេះ បន្ទាប់ការប្រកួតដែល Liverpool ឈ្នះ Crystal Palace ដោយលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Premier League 2024-25 សប្តាហ៍ទី៧ ដែលធ្វើឡើងនាទឹកដី Selhurst Park ។ Alisson Becker ត្រូវបានប្តូរចេញពីទីលានជំនួសដោយកីឡាករ Vitezslav Jaros នៅក្នុងនាទី៧៩។
Liverpool មិនរំពឹងទុកថា កីឡាករវ័យ៣២ឆ្នាំ នឹងអាចវិលមកជួយក្រុមវិញ ក្រោយចប់ការសម្រាកអន្តរជាតិនោះឡើយ។ នេះមានន័យថា Alisson Becker នឹងខកខានការប្រកួតជាច្រើនរបស់ Liverpool ដែលរួមមានការប្រកួតនៅក្របខណ្ឌ Premier League ទល់នឹង Chelsea, Arsenal, Brighton និង Aston Villa ការប្រកួតក្របខណ្ឌ UEFA Champions League ដែលត្រូវប៉ះ RB Leipzig និង Bayer Leverkusen រួមទាំងការប្រកួតដែលត្រូវប៉ះ Brighton ក្នុងពានរង្វាន់ EFL Cup ផងដែរ។
បែបនេះក្តី Liverpool នឹងប្រើប្រាស់អ្នកចាំទី Caoimhin Kelleher វិញ បន្ទាប់ពីរូបគេអាចវិលត្រឡប់មកកាន់ទីលាន ក្រោយបានធូរស្រាលជំងឺរួចមក។
ជុំវិញអវត្តមានរបស់ Alisson Becker នេះដែរ គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថា “ខ្ញុំមានការព្រួយបារម្ភចំពោះរបួសរបស់ Alisson Becker ហើយសង្ឃឹមថា រូបគេនឹងអាចធូរស្រាលបានឆាប់រហ័ស។ ជាសំណាងល្អ យើងទទួលបាន Caoimhin Kelleher មកវិញ ដែលវាបានសម្រាលបន្ទុក ដែលកំពុងកើតឡើង។”
ដោយឡែក Liverpool បច្ចុប្បន្ន កំពុងឈរកំពូលតារាង ក្របខណ្ឌ Premier League 2024-25 ដោយមាន ១៨ពិន្ទុ ពីលើក្រុមលេខ២ Man City តែ១ពិន្ទុ។ ក្រោយបញ្ចប់ការសម្រាកអន្តរជាតិក្រុមហង្សក្រហមនឹងបន្តការប្រកួតលីគកំពូលអង់គ្លេសឡើងវិញ ឈានដល់ សប្តាហ៍ទី៨ នៅថ្ងៃទី២០ ខែតុលា ខាងមុខ ដោយត្រូវស្វាគមន៍ក្រុម Chelsea៕