នាយកផ្នែកកីឡាររបស់ក្លិប Man City លោក Txiki Begiristain នឹងចាកចេញពីតំណែងក្រោយបញ្ចប់ការប្រកួតនៅរដូវកាល ២០២៤-២៥ នេះ។
បុរសជនជាតិអេស្ប៉ាញ បានមកចូលរួមក្លិប Man City នៅក្នុងឆ្នាំ២០១២ ហើយលោកជាបុគ្គលមួយរូបដែលជួយជម្រុញដល់ការនាំយកលោក Pep Guardiola មកធ្វើជាគ្រូបង្វឹក នៅឆ្នាំ២០១៦។
លោក Txiki Begiristain ដែលធា្លប់ជាកីឡាករបាល់ទាត់លេងក្នុងតំណែងខ្សែបម្រើ គឺជាអតីតមិត្តរួមក្លិបរបស់លោក Pep Guardiola ពេលអ្នកទាំង២លេងជាកីឡាករអោយក្លិប Barcelona ហើយក៏ជាមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញជាមួយគ្នាផងដែរ។
អំឡុងពេលនៅកាន់តំណែងជានាយកផ្នែកកីឡាររបស់ក្លិប Barcelona លោក Txiki Begiristain បានជួយជ្រោមជ្រែងដល់ការដឹកនាំរបស់លោក Pep Guardiola នៅទឹកដី Camp Nou នៅក្នុងឆ្នាំ២០០៨ ប៉ុន្តែក៏បានចាកចេញពីក្លិបនៅអេស្ប៉ាញ នៅឆ្នាំ២០១០។
នៅពេលមកកាន់តំណែងនៅ Man City បុរសវ័យវ័យ៦០ឆ្នាំរូបនេះ ជាអ្នកកោតសរសើរ និងលើកឡើងពីសមត្ថភាពរបស់លោក Pep Guardiola ទៅកាន់ថ្នាក់ដឹកនាំរបស់ក្លិប រហូតលោក Pep Guardiola បានក្លាយជាគ្រូបង្វឹក Man City ហើយ ក៏រូបលោកនៅតែជួយគាំទ្រ រហូតក្លិប ទទួលបានជោគជ័យនៅពេលនេះ។
ទោះទទួលបានការពេញចិត្តពីក្លិបក៏ពិតមែន ប៉ុន្តែប្រភពពីសារពត៌មាន BBC Sport បានអោយដឹងថា រដូវកាលនេះ ជាពេលវេលាចុងក្រោយហើយរបស់លោក Txiki Begiristain ជាមួយក្លិបមេឃខៀវ។
វត្តមានរបស់លោក Txiki Begiristain លោក Pep Guardiola និងនាយកប្រតិបត្តិលោក Ferran Soriano ដែលធ្វើការរួមគ្នា បានធ្វើអោយក្លិប Man City ក្លាយជាក្លិបបាល់ទាត់ដ៏ខ្លាំងក្លាមួយនៅអង់គ្លេស ដែលបានឈ្នះពានរង្វាន់ធំៗដូចជា Premier League ចំនួន៦ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ៕