ខ្សែបម្រើ Lucas Paqueta របស់ក្លិប West Ham United នៃក្របខណ្ឌ Premier League កំពុងប្រឈមមុននឹងការរងពិន័យមិនអោយចូលលេងបាល់ទាត់នៅអង់គ្លេសមួយជីវិត ដោយសាររូបគេជាប់សង្ស័យពីការលេងល្បែងភ្នាល់លទ្ធផលប្រកួត។
ជាការពិត សមាគមបាល់ទាត់អង់គ្លេស FA កំពុងសើបអង្កេតទៅលើ កីឡាករប្រេស៊ីល ក្នុងករណីភ្នាល់។ FA សង្ស័យថា ការទទួលបានកាតលឿនចំនួន៤លើករបស់ Lucas Paqueta ក្នុងការប្រកួត Premier League ទល់នឹងក្រុម Bournemouth, Aston Villa, Leed United និង Leicester City សុទ្ធសឹងតែពាក់ព័ន្ធករណីរូបគេភ្នាល់លទ្ធផលប្រកួតនៅក្នុងប្រទេសប្រេស៊ីល។
ការភ្នាល់ប្រមាណជា៦០ករណីពាក់ព័ន្ធការពិន័យកាតលឿង និងត្រូវគេសង្ស័យថា មានទឹកប្រាក់ប្រមាណជា៧ផោន ទៅ៤០០ផោន ជាមួយនឹងតម្លៃឈ្នះសរុប ១០០,០០០ផោន ឯណោះ។
បច្ចុប្បន្នមន្ត្រីអង់គ្លេសកំពុងធ្វើការពិនិត្យ និងឆែកឆេរ លើទូរសព្ទរបស់កីឡាករ វ័យ ២៤ឆ្នាំរូបនេះ ក្នុងរយៈពេល៨សប្តាហ៍ចុងក្រោយ ដែលនិងឆែកឆេរ រកការទំនាក់ទំនងចេញ ចូល និងការឆ្លើយឆ្លងសារនានា ព្រមទាំងកុងធនាគាររបស់រូបគេផងដែរ។
បើយោងទៅតាមការចុះផ្សាយដោយសារពត៌មាន The Sun បានបញ្ចាក់ថា Lucas Paqueta បានធ្វើការផ្លាស់ប្តូរនូវទូរសព្ទរបស់ខ្លួនរួចទៅហើយពេលរូបគេវិលទៅប្រទេសអង់គ្លេសវិញ។
ទោះបីជាយ៉ាងណា FA កំពុងពន្លឿនការស៊ើបអង្កេតករណីមួយនេះ ហើយបើករណីដែលរកឃើញថា Lucas Paqueta ពិតជាមានការពាក់ព័ន្ធការកោតប្រកាន់មែននោះរូបគេប្រឈមការពិន័យមិនអោយចូលលេងពេញមួយជីវិត។
បែបនេះក្តី សាមីកីឡាករបានធ្វើការច្រានចោលការចោទប្រកាន់ទាំងអស់ និង ថាខ្លួននឹងចូលរួមសហការរាល់គ្រប់ការស៊ើបអង្កេតដែលធ្វើឡើងដោយមន្ត្រីអង់គ្លេស។
ការកាត់ក្តីលើករណីរបស់ Lucas Paqueta នឹងធ្វើឡើងនាខែមីនា ឆ្នាំក្រោយ ហើយលទ្ធផលសម្រេចអាចនឹងត្រូវប្រកាសក្រោយចប់រដូវកាល ២០២៤-២៥ ឯណោះ៕