×

ខ្សែការពារ Pedro Porro ថា ខ្លួនចង់នៅបន្តលេងអោយ Tottenham Hotspur ជាជាង Real Madrid

ខ្សែការពារ Pedro Porro បាននិយាយថា រូបគេមានការភ្ញាក់ផ្អើល និង មានមោទនភាពចំពោះការផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅកាន់ក្លិប Real Madrid ប៉ុន្តែរូបគេនៅចង់បន្តលេងអោយក្លិប Tottenham Hotspur ជាង។ 

ជាការពិត Real Madrid កំពុងតែតាមប្រមាញ់រកខ្សែការពារថ្មីដើម្បីចូលទៅជំនួសកន្លែងរបស់ Dani Carvajal ដែលកំពុងតែមានរបួសដាច់សរសៃ ACL ហើយត្រូវការសម្រាករយៈពេលយូរ។

បើតាមរបាយការណ៍ដែលចុះផ្សាយដោយកាសែតរបស់អេស្ប៉ាញ Relevo ក្លិប Real Madrid បានចាប់អារម្មណ៍លើ  Pedro Porro របស់ក្លិប Tottenham Hotspur នៅលីគកំពូលអង់គ្លេស ។ 

កីឡាករវ័យ២៥ឆ្នាំ បានធ្វើអោយក្លិបមាន់ខ្នាយមាស និង អ្នកគាំទ្រ មានការពេញចិត្តតាមរយៈគុណផលនៃការបញ្ចេញសមត្ថភាពដ៏ល្អរបស់គេ នៅក្នុងការប្រកួតក្របខណ្ឌ Premier League។

នៅពេលដែលបានដឹងថា ខ្លួនត្រូវបានទទួលការចាប់អារម្មណ៍ពីក្លិបដ៏ធំនៅអេស្ប៉ាញ Real Madrid នោះ Pedro Porro បានទទួលស្គាល់ថា រូបគេមានភាពរីករាយចំពោះដំណឹងនេះ ដែលវាមានន័យថា រូបគេពិតជាលេងបានល្អសម្រាប់ Tottenham Hotspur។ ទោះយ៉ាងណា អ្វីដែល Pedro Porro ឆ្លើយតបនោះគឺ រូបគេមិនផ្ដោតលើការផ្ទេរនោះទេ ពោលគឺគិតតែលើការលេងនៅ Tottenham Hotspur ប៉ុណ្ណោះ។

ទាក់ទិននឹងរឿងនេះ Pedro Porro បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ និងមានមោទនភាពបំផុតសម្រាប់ដំណឹងនេះ។ វាប្រហែលជាមើលទៅខ្ញុំកំពុងតែធ្វើបានល្អជាមួយក្រុម Tottenham Hotspur របស់ខ្ញុំហើយមើលទៅ។ ខ្ញុំគិតថាវាប្រហែលជានឹងអាចកើតឡើងនៅថ្ងៃណាមួយមិនខានមើលទៅ តែខ្ញុំពេលនេះមិនគិតដល់រឿងទាំងអស់នោះទេ ខ្ញុំកំពុងតែផ្ដោតលើការលេងរបស់ខ្ញុំអោយបានល្អនៅ Tottenham Hotspur វិញល្អជាង។”

សម្រាប់ការប្រកួតក្របខណ្ឌ Premier League 2024-25 នេះ Pedro Porro  បានបង្ហាញខ្លួនគ្រប់៧ប្រកួតដំបូងរបស់ Tottenham Hotspur ។ បច្ចុប្បន្ន Tottenham Hotspur កំពុងឈរលេខ៩ នៅក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេសដោយមាន ១០ពិន្ទុ។ ក្រុមមាន់ខ្នាយមាសនឹងបន្តការប្រកួតដោយត្រូវប៉ះ West Ham United នៅថ្ងៃទី១៩ ខែតុលា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង