ក្លិប Man UTD កំពុងធ្វើការសម្លឹងមើលគ្រូបង្វឹកថ្មី គឺលោក Ruben Amorin ដែលកំពុងដឹកនាំក្លិប Sporting Lisbon ដើម្បីមកជំនួសតំណែងរបស់លោក Erik ten Hag។
ទោះបីជាយ៉ាងណាក្តី ក្លិបបិសាចក្រហមនៅមិនទាន់ បានប្រកាសជាផ្លូវការ អំពីការសម្រេចចិត្តណាមួយ ទាំងការបណ្តេញចេញលោក Erik ten Hag ចេញពីតំណែង ឬការសម្រេចចិត្តជ្រើសយកលោក Amorin នៅឡើយទេ។
លោក Ruben Amorin បានបង្ហាញពីសមត្ថភាពជាគ្រូបង្វឹកដែលមានភាពលេចធ្លោមួយរូប នៅក្នុងការប្រកួតប្រជែងនៃលីគបាល់ទាត់អឺរ៉ុប។ បុរសជនជាតិព័រទុយហ្កាល់ មានទម្រង់ដឹកនាំដ៏ល្អ នៃក្របខណ្ឌ Primeira Liga ដោយទទួលបានការកោតសរសើរ ការពេញចិត្តពីក្លិប និង អ្នកគាំទ្រ Sporting Lisbon។
ជាក់ស្តែង ក្រោមការដឹកនាំរបស់លោក Ruben Amorin ក្រុម Sporting Lisbon មិនត្រឹមតែឈ្នះគ្រប់៨ប្រកួតនៃការប្រកួតលីគកំពូលព័រទុយហ្កាល់និងកាន់កាប់កំពូលតារាងនោះទេ ប៉ុន្តែនៅក្នុងការប្រកួតនៃពានរង្វាន់ UEFA Champions League ក្រុម Sporting Lisbon ក៏បានបង្ហាញភាពខ្លាំងក្លារបស់ខ្លួនផងដែរ។
បុរសវ័យ៣៩ឆ្នាំ មានលក្ខណៈពិសេសនៃការដឹកនាំ រួមទាំងការធ្វើកំណែទម្រង់ក្រុម និង ការរួមការងារជាមួយកីឡាករក្មេងៗ ដើម្បីបង្កើនជំនាញ និងផ្តល់អោយពួកគេនូវតួនាទី នៅក្នុងគ្រោងការណ៍យុទ្ធសាស្ត្រប្រកួត។
វិធីសាស្រ្តបត់បែនរបស់លោក Ruben Amorin ដែលមានសមត្ថភាពសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗ បានធ្វើអោយឈ្មោះរបស់លោកត្រូវស្ថិតក្នុងចំណោមបេក្ខជនដ៏ស័ក្តិសមក្នុងការដឹកនាំក្លិប Manchester United ។
ចំណែកឯ លោក Erik ten Hag វិញ កំពុងស្ថិតនៅក្នុង សម្ពាធយ៉ាងខ្លាំងក្លា ចាប់តាំងតែពីដើមរដូវកាល ដោយបច្ចុប្បន្នកំពុងនាំក្លិបអោយធ្លាក់ ទៅលេខរៀងទី១៤ នៅឡើយក្នុងតារាងពិន្ទុនៃក្របខណ្ឌ Premier League ដោយអាចរកបានជ័យជំនះ បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ។
បន្ទាប់ពីការសម្រាកអន្តរជាតិ Man UTD នឹងបន្តការប្រកួត Brentford និង West Ham នៅក្នុងក្របខណ្ឌ Premier League រួមទាំងការប្រកួតនៅក្របខណ្ឌ UEFA Europa League ទល់នឹង Fenerbahçe ដែលនឹងកា្លយជាការប្រកួតដើម្បីសម្រេចអំពីជោគវាសនារបស់លោក Erik ten Hag ក្នុងការកាន់តំណែងនៅ Man UTD ៕