ខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Mohamed Salah នឹងត្រលប់មកចូលរួមក្លិប Liverpool វិញលឿនជាងការរំពឹងទុក បន្ទាប់ពីពួកគេ មិនមានភារកិច្ចក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិរៀងៗខ្លួនតទៀត។
ប្រធានក្រុមជម្រើសជាតិហូឡង់ Van Dijk ត្រូវបានបណ្ដេញចេញពីទីលាន នៅក្នុងវគ្គទី២ក្រោយទទួលកាតលឿង២ដងស្មើកាតក្រហម អំឡុងពេលក្រុមហូឡង់របស់គេទទួលបានលទ្ធផលស្មើគ្នា ១-១ ជាមួយហុងគ្រី ក្នុងការប្រកួតពានរង្វាន់ UEFA Nations League កាលពីចុងសប្តាហ៍កន្លងទៅ។ ការពិន័យនោះធ្វើអោយកីឡាករ វ័យ៣៣ឆ្នាំ ត្រូវជាប់បម្រាមមិនអាចចូលរួមការប្រកួតដែលក្រុមហូឡង់ត្រូវប៉ះក្រុមអាល្លឺម៉ង់ ក្នុងពានរង្វាន់ UEFA Nations League ដដែល។ ដូច្នេះហើយ Virgil van Dijk ក៏សម្រេចវិលមកចូលរួមក្លិប Liverpool មុនការកំណត់។
ចំណែកឯ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប Mohamed Salah បានស៊ុតបញ្ចូលទីក្នុងជ័យជំនះដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ Africa Cup of Nations វគ្គជម្រុះលើក្រុមជម្រើសជាតិម៉ូរីតានីនាទីក្រុង Cairo កាលពីចុងសប្តាហ៍កន្លងទៅដូចគ្នា។
កីឡាករវ័យ៣២ឆ្នាំ ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅក្នុងការប្រកួតរបស់ក្រុមអេហ្ស៊ីប ទល់នឹងក្រុមម៉ូរីតានី សាជាថ្មី ប៉ុន្តែរូបគេក៏ដូចជា Van Dijk ដែរ គឺត្រូវបានក្រុមជម្រើសជាតិអនុញ្ញាតអោយចាកចេញពីក្រុមមុនកាលកំណត់។
វត្តមានរបស់កីឡាករសំខាន់ទាំង២រូបគ គឺជាការជំរុញមួយសម្រាប់គ្រូបង្វឹកលោក Arne Slot ក្នុងការរៀបចំការហ្វឹកហាត់ត្រៀមខ្លួនក្នុងការប្រកួតដែល Liverpool ត្រូវទទួលក្រុមភ្ញៀវ Chelsea ក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍នេះ។
មុនការសម្រាកអន្តរជាតិ ក្រុម Liverpool បានយកឈ្នះក្រុម Crystal Palace នៅកីឡដ្ឋាន Selhurst Park ក្នុងការប្រកួតក្របខណ្ឌ Premier League ដោយលទ្ធផល ១-០។ ជ័យជំនះនោះបានធ្វើអោយក្រុមហង្សក្រហម ឡើងឈរកំពូលតារាងពិន្ទុលីគកំពូលអង់គ្លេស គិតត្រឹមសប្តាហ៍ទី៧ ដោយមាន ១៨ពិន្ទុ ពីលើក្រុមការពារតំណែងជើងឯក Manchester City ដែលនៅលេខ២ ចំនួន១ពិន្ទុ និងពីលើក្រុម Arsenal ដែលឈរលេខ៣ ចំនួន១ពិន្ទុដូចគ្នា។ រីឯក្រុម Chelsea ដែលនឹងត្រូវប្រកួតប៉ះ Liverpool នៅពេលខាងមុខនេះ កំពុងឈរលេខ ៤ ដោយមាន ១៤ពិន្ទុ៕