×

គ្រូ Liverpool ចង់បានខ្សែបម្រើ Orkun Kökçü ពី Benfica នៅទីផ្សារខែមករា

មានការរាយការណ៍មកថា គ្រូបង្វឹក លោក Arne Slot កំពុងជម្រុញអោយ Liverpool ចុះហត្ថលេខានាំយកខ្សែបម្រើ Orkun Kökçü របស់ក្លិបព័រទុយហ្គាល់ Benfica នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករាខាងមុខ។

កីឡាករ វ័យ២៣ឆ្នាំ បានលេងក្រោមការដឹកនាំរបស់លោក Slot នៅក្លិបលីគកំពូលហូឡង់ Feyenoord ចាប់ពីឆ្នាំ ២០១៨-២៣ មុនពេលរូបគផ្លាស់ទៅចូលរួមក្លិប Benfica។ កីឡាករ Orkun Kökçü បានកសាងកេរ្ត៍ឈ្មោះ និង សមត្ថភាពរបស់ខ្លួន យ៉ាងគួរអោយចាប់អារម្មណ៍និងបានក្លាយជាកីឡាករដ៏សំខាន់មួយរូបរបស់លោក Arne Slot កាលពីការប្រកួតប្រជែងនៅក្របខណ្ឌ Eredivisie។

ឥឡូវនេះ លោក Arne Slot ចង់បានកីឡាករសញ្ជាតិទួរគីដើមកំណើតហូឡង់ មករួមការងារជាមួយខ្លួនសាជាថ្មី និងចង់អោយរូបគេក្លាយជាចំណែកជួយក្រុមបន្ថែមទៀត ក្រោយការចាប់ផ្តើមដ៏ល្អសម្រាប់រដូវកាលដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Premier League។

មែនទែនទៅ Orkun Kökçü គឺជាគោលដៅផ្ទេររបស់ Liverpool ជាយូរមកហើយ តាំងពីមុនពេលរូបគេផ្លាស់ទៅកាន់ Benfica និងមុនពេលដែលលោក Arne Slot មកកាន់តំណែងទៅទៀត ប៉ុន្តែមិនបានឈានដល់ការសម្រេចនាំយករូបគេមកចូលរួមនោះទេ។

ក្នុងការបង្ហាញខ្លួន៩លើកគ្រប់ការប្រកួត នៅរដូវកាលនេះ Kökçü រកបានគ្រាប់បាល់៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី៣លើក។ ចំណែកឯ Liverpool រកបានជ័យជំនះ ៦ ប្រកួតក្នុងចំណោម ៧ ប្រកួតដំបូងក្នុងក្របខណ្ឌ Premier League។

ទោះបីជាមិនទាន់បានចាយលុយច្រើនសន្ធឹកសន្ធាប់ ក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅក៏ដោយ ក៏ Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ដែលបានបន្តតំណែងពីលោក Jurgen Klopp គឺលោក Arne Slot បានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងល្អនៅរដូវកាលនេះ។

យ៉ាងណា ក្នុងចំណោមកីឡាករដែលបានចុះហត្ថលេខានៅរដូវក្តៅចំនួន ២រូប ដែលមានខ្សែបម្រើអ៊ីតាលី Federico Chiesa និងអ្នកចាំទីសញ្ជាតិហ្ស៊កហ្ស៊ី Giorgi Mamardashvili គឺ Chiesa និងអាចចូលលេងមួយក្លិបភ្លាមៗ ប៉ុន្តែសម្រាប់ Mamardashvili ត្រូវបន្តលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ Valencia ដែលជាក្លិបដើមរបស់គេនៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង