
គ្រូបង្វឹកលោក Erik ten Hag បានត្រលប់មកកន្លែងហ្វឹកហាត់របស់ក្លិប Man UTD វិញកាលពីថ្ងៃច័ន្ទ ដើម្បីប្រមូលផ្តុំកីឡាករធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ៨។
ជាការពិត បច្ចុប្បន្នតំណែងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ កំពុងស្ថិតក្រោមសម្ពាធ បន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ក្នុងការដឹកនាំ មុនពេលការសម្រាកអន្តរជាតិចូលមកដល់។
Man UTD មានទម្រង់លេងធ្លាក់ចុះខ្លាំងមែនទែន ជាពិសេសរដូវកាលថ្មីនេះ ដោយ៧ប្រកួតដំបូងនៃក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ ពួកគេ បានឈ្នះតែ ២ដង ស្មើ២ និងចាញ់៣ដង។
ដើមរដូវកាល ២០២៤-២៥ Man UTD ក៏បានជួបប្រទះបញ្ហា ដោយក្រុមមិនអាចរកបានគ្រាប់បាល់តាមតម្រូវការ ។ ការប្រកួត Premier League ៣លើក ចុងក្រោយមកនេះ ពួកគេនៅមិនទាន់ស៊ុតបញ្ចូលទីគូប្រកួតបាននៅឡើយ។
ឆ្លងកាត់ការប្រកួត Premier League ៧លើករួចមក Man UTD ទើបតែស៊ុតបាល់ បញ្ចូលទី៥គ្រាប់ប៉ុណ្ណោះ ដែលនេះជាហេតុធ្វើអោយពួកគេជួបប្រទះកំណត់ត្រាដ៏អាក្រក់ថ្មី មួយបន្ថែមទៀត គឺការចាប់ផ្តើមរដូវកាលថ្មីមិនល្អ និងពិបាករកគ្រាប់បាល់ ចាប់តាំងពីរដូវ កាល ១៩៨៩-៩០។ ក្រុមបិសាចក្រហម ទើបតែទទួល ៨ពិន្ទុ ឈរនៅលេខ១៤ ក្នុងតារាងពិន្ទុ។ ដោយសារលទ្ធផលមិនគាប់ប្រសើរនេះហើយ ទើបនាំអោយមានការជឿថា តំណែងរបស់លោក Erik ten Hag នឹងមិនអាចរក្សាបានយូរនោះទេ។
ទោះបែបនេះក្តី លោក Erik ten Hag មានការរំពឹងទុកយ៉ាងខ្លាំងអំពីអនាគតរបស់ខ្លួន ហើយ Man UTD បានបើកកិច្ចប្រជុំក្រុមប្រឹក្សា នៅកណ្តាលទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន ប៉ុន្តែការប្រជុំដ៏តានតឹងជាង៧ម៉ោងក៏មិនទាន់ទទួលលទ្ធផលច្បាស់លាស់នៅឡើយ។
មន្ត្រីរបស់ក្លិបមិនសប្បាយចិត្តចំពោះទីតាំងបច្ចុប្បន្នរបស់ក្រុមដែលឈរនៅលេខរៀងទី ១៤ ហើយលោក Ten Hag ប្រឈមមុខនឹងការប្រកួតសំខាន់ៗមួយចំនួន ខណៈដែលលោកសម្លឹងមើលការកែប្រែស្ថានភាពរបស់ឡើងវិញ។
ការប្រកួត Premier League ចុងសប្តាហ៍នេះ Man UTD នឹងត្រូវប៉ះ Brentford ហើយបន្ទាប់ពីនោះ ពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុង Istanbul សម្រាប់ជំនួប UEFA Europa League ជាមួយ Fenerbahce ដែលបច្ចុប្បន្នត្រូវបានដឹកនាំដោយអតីតគ្រូបង្វឹក Man UTD លោក Jose Mourinho មុនពេលក្រុមបិសាចក្រហមវិលមកកាន់ការប្រកួតលីគវិញ ដោយទៅជួប West Ham ៕