
ក្លិប Nottingham Forest ត្រូវបានសមគមបាល់ទាត់អង់គ្លេស FA ធ្វើការផាកពិន័យជាទឹកប្រាក់ប្រមាណ ៨៩ម៉ឺនអឺរ៉ូ ឬ ជាង ៩៧ម៉ឺនដុល្លារ លើករណីរិះគន់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR តាមបណ្តាញផ្សព្វផ្សាយសង្គមអនឡាយ។
ការមិនពេញចិត្ត និងនាំអោយមានការរិះគន់ពីសំណាក់ក្លិប Nottingham Forest បានកើតឡើង ក្រោយពីការប្រកួតដែលពួកគេចាញ់ក្លិប Everton ២-០ នៅក្នុងជំនួបក្របខណ្ឌ Premier League 2023-24 ដែលធ្វើឡើងនាកីឡដ្ឋាន Goodison Park កាលពីខែមេសាកន្លងទៅ។
Nottingham Forest បានអះអាងថា ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR បានធ្វើការដោយភាពលំអៀង ក្រោយពីបដិសេធឱកាសនៃការទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ពួកគេចំនួន៣ដង ដែលនាំអោយក្រុមចាញ់ការប្រកួតនោះ។
បន្ថែមពីនេះ ក្លិបបានបន្ថែមថា មន្ត្រីអាជ្ញាកណ្តាល VAR លោក Stuart Attwell គឺជាអ្នកគាំទ្ររបស់ក្លិប Luton Town ដែលកំពុងតស៊ូក្នុងការប្រកួតដើម្បីអាចចាកចេញពីតំបន់កាត់ចោល ដូច្នេះ បើ Nottingham Forest ចាញ់ ការប្រកួតទល់នឹង Everton នោះវានឹងផ្តល់ជាប្រយោជន៍សម្រាប់ Luton Town។ ទាំងនេះគឺជាអ្វីដែល Nottingham Forest បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម X ប៉ុន្តែទោះយ៉ាងណា ក្លិបបានបដិសេធថា ពួកគេមិនបានចោទប្រកាន់ពីភាពស្មោះត្រង់របស់មន្ត្រី ឬនាំអោយការប្រកួតនេះមានភាពមិនសមរម្យនោះទេ។
បែបនេះក្តី គណៈកម្មាការឯករាជ្យមួយបានរកឃើញពីការប្រឆាំងទល់នឹងក្លិប Nottingham Forest ដោយបន្ថែមថា ពួកគេមាន ភស្តុតាងច្បាស់លាស់នៃការខ្វះវិប្បដិសារីពិតប្រាកដពីក្លិប ហើយមន្ត្រីអាជ្ញាកណ្តាលលោក Stuart Attwell បានក្លាយជាជនរងគ្រោះនៃការរិះគន់របស់ក្លិប។ ក្លិប Nottingham Forest ក៏ត្រូវបានក្រុមប្រឹក្សាព្រមានពីការប្រព្រឹត្តរបស់ពួកគេដែរ។
ក្រោយការប្រកាសពីការផាកពិន័យជាទឹកប្រាក់យ៉ាងច្រើននេះ ក្លិប Nottingham Forest ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងថា ការពិន័យមិនមានភាពសមាមាត្រទាំងស្រុង ហើយក្លិប នឹងធ្វើការប្តឹងឧទ្ទរណ៍វិញដែរ។
សូមបញ្ជាក់ថា ក្នុងការប្រកួត ក្របខណ្ឌ Premier League 2023-24 ក្លិប Nottingham Forest បានជួបការលំបាកច្រើន តែពួកគេអាចបន្តស្ថិតនៅលីគកំពូលអង់គ្លេសទាំងប្រផុតប្រផើយ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៧ ស្របពេល Luton Town, Burnley និង Sheffield United គឺជាក្លិបដែលត្រូវបានកាត់ចេញទៅលីគក្រោម។ សម្រាប់ការប្រកួត Premier League រដូវកាល 2024-25 នេះវិញ Nottingham Forest ទទួលលទ្ធផលគួរសម ដោយឆ្លងកាត់ ៧ប្រកួត ពួកគេឈ្នះ២ ស្មើ៤ ចាញ់ មាន១០ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១០៕