×

គ្រូ Stuttgart បដិសេធសំណើក្នុងការទៅដឹកនាំ Man UTD

យោងតាមសារព័ត៌មាន Bild បានអោយដឹងថា Man UTD ធ្លាប់បានដាក់សំណើទៅកាន់គ្រូបង្វឹក VfB Stuttgart លោក Sebastian Hoeneß ដើម្បីផ្តល់ឱកាសមកដឹកនាំក្លិបបិសាចក្រហម នៅរដូវក្តៅខាងមុខ ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។

ជាការពិត Man UTD បានដាក់ការចាប់អារម្មណ៍ទៅលើលោក Sebastian Hoeneß អំពីសមត្ថភាពនៃការដឹកនាំរបស់លោក និងបានដាក់សំណើដើម្បីមកកាន់តំណែងជំនួសលោក Erik ten Hag ប៉ុន្តែសំណើពីក្លិបនៅក្របខណ្ឌ Premier League មួយនេះ ត្រូវបានបុរសវ័យ៤២ឆ្នាំ បដិសេធភ្លាមៗ។

លោក Sebastian Hoeneß បានអះអាងថា លោកបានទទួលការទាក់ទងពី Man UTD ប៉ុន្តែលោក មិនចង់ទៅកាន់ទឹកដី Old Trafford នោះទេ ដោយចង់បន្តដឹកនាំ VfB Stuttgart ដើម្បីកសាងទម្រង់អោយកាន់តែជោគជ័យ។

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បានចូលមកដឹកនាំ VfB Stuttgart នៅក្នុងឆ្នាំ២០២៣ ដោយចុះកិច្ចសន្យាដល់ឆ្នាំ២០២៧។ នៅពេលលោក Sebastian Hoeneß ចូលកាន់តំណែង ក្លិប VfB Stuttgart កំពុងមានស្ថានភាពយ៉ាប់យ៉ឺនខ្លាំង ប៉ុន្តែលោកបានជួយដឹកនាំក្លិបធ្វើការតស៊ូរហូតអាចឡើងពីតំបន់កាត់ចោលនិងបន្តលេងនៅក្របខណ្ឌ Bundesliga។

រដូវកាលកន្លងទៅ លោក Sebastian Hoeneß បានធ្វើអោយមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយបានជួយក្លិប បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៅលីគកំពូលអាល្លឺម៉ង់ តាមពីក្រោយក្រុមជើងឯក Bayer Leverkusen។

សម្រាប់ តំណែងរបស់លោក Erik ten Hag នៅឯ Man UTD វិញ កំពុងស្ថិតនៅក្នុង សម្ពាធយ៉ាងខ្លាំងក្លា ចាប់តាំងតែពីដើមរដូវកាល ដោយបច្ចុប្បន្នកំពុងនាំក្លិបអោយធ្លាក់ ទៅលេខរៀងទី១៤ នៅឡើយក្នុងតារាងពិន្ទុនៃក្របខណ្ឌ Premier League ដោយអាចរកបានជ័យជំនះ បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ។

បន្ទាប់ពីការសម្រាកអន្តរជាតិ Man UTD នឹងបន្តការប្រកួត Brentford និង West Ham នៅក្នុងក្របខណ្ឌ Premier League រួមទាំងការប្រកួតនៅក្របខណ្ឌ UEFA Europa League ទល់នឹង Fenerbahçe ដែលនឹងកា្លយជាការប្រកួតដើម្បីសម្រេចអំពីជោគវាសនារបស់លោក Erik ten Hag ក្នុងការកាន់តំណែងនៅ Man UTD ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង