×

លោក Pep Guardiola បដិសេធពត៌មានចាកចេញពី Man City ទៅកាន់ក្រុមអង់គ្លេស

លោក Pep Guardiola បានធ្វើការបដិសេធពត៌មានដែលបានផ្សព្វផ្សាយថា លោកអាចនឹងចាកចេញពីក្លិប Man City ដើម្បីទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។

ជាការពិត បច្ចុប្បន្នតំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មិនទាន់រកបានជាក់លាក់នៅឡើយទេ ដោយលោក Lee Kevin Carsley ដែលកំពុងដឹកនាំនោះគ្រាន់តែជាគ្រូបង្វឹកបណ្ដោះអាសន្នប៉ុណ្ណោះ។

យ៉ាងណា ដំណឹងនៃការចង់បាន បេក្ខភាពជាច្រើនរូបមកដឹកនាំនោះ កើតមានជាហូរហែ ដោយក្នុងនោះរួមមានទាំងលោក Pep Guardiola គ្រូបង្វឹក Man City ថែមទៀតផង។

ជុំវិញសំនួរដែលសួរទៅកាន់លោក Pep Guardiola ចុងក្រោយបង្អស់អំពីរឿងដែលលោកអាចនឹងចាកចេញពី Man City ហើយទៅចូលកាន់តំណែងនៅក្នុងក្រុមអង់គ្លេសនោះ បុរសជនជាតិអេស្ប៉ាញបានធ្វើការបដិសេធដោយថា នោះមិនមែនជាការពិតឡើយ ហើយលោក កំពុងតែមានភាពរីករាយក្នុងការដឹកនាំ Man City នៅគ្រប់ការប្រកួតធំៗមិនថា ការប្រកួតប្រជែងនៅ ក្របខណ្ឌ Premier League ឬ ការប្រកួតប្រជែងនៅក្របខណ្ឌ UEFA Champions League ឡើយ។

លោក Pep Guardiola បានបញ្ជាក់បែបនេះថា “ខ្ញុំមិនទាន់មានការសម្រេចចិត្តអ្វីទាំងអស់មកដល់ពេលនេះ។ យ៉ាងណាគ្រប់យ៉ាងវានឹងអាចកើតឡើងព្រោះអីបាល់ទាត់យើងមើលមិនឃើញទេ ដូច្នេះខ្ញុំអាចឆ្លើយបាននៅពេលនេះថា ខ្ញុំមិនទាន់ដឹង»។

សូមបញ្ជាក់ថា លោក Pep Guardiola បានចូលមកដឹកនាំ Man City នៅខែកក្កដា ឆ្នាំ២០១៦ ដោយមកទល់ពេលនេះមានរយៈពេល៨ឆ្នាំកន្លះហើយ។ លោក បានជួយ Man City ក្លាយជាក្រុមដែលមានសក្កដានុពលមួយនៅក្នុងការប្រកួតបាល់ទាត់នៅអង់គ្លេស និង បានឈ្នះពានរង្វាន់ធំតូចជាច្រើនរួចមកហើយដែលមានទាំងពានរង្វាន់ក្នុងស្រុកដូចជា Premier League, FA Cup, EFL Cup និង FA Community Shield និងពានរង្វាន់អន្តរជាតិដូចជា UEFA Champions League, UEFA Super Cup និង FIFA Club World Cup។

កុងត្រារបស់លោក Pep នៅទឹកដី Etihad នៅសល់សុពលភាពមួយឆ្នាំទៀត ពោលគឺឆ្នាំ២០២៥ ។ ខណៈពេលនេះដែរ អ្នកគាំទ្ររបស់ Man City កំពុងតែចង់ឃើញប្រធានក្លិបបន្តកុងត្រាបន្ថែមទៀតជាមួយគ្រូបង្វឹកដ៏ជោគជ័យមួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង