×

គ្រូបង្វឹកក្រុមនារី Arsenal លាលែងពីតំណែង ក្រោយកាន់តួនាទីបាន៣ឆ្នាំ

គ្រូបង្វឹកក្រុមនារី Arsenal លោក Jonas Eidevall បានស្នើសុំលាលែងពីតំណែង ក្រោយកាន់តួនាទីបានចំនួន៣ឆ្នាំ។

ការលាលែងពីតំណែងរបស់បុរសជនជាតិស៊ុយអែត វ័យ៤១ឆ្នាំ គឺបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់របស់ក្រុមនារី Arsenal ដែលបានចាញ់ ក្រុមនារី Chelsea នៅលីគកំពូលនារីអង់គ្លេស និងបានចាញ់ក្រុមនារី Bayern Munich នៅក្នុងការប្រកួត UEFA Women’s Champions League ។

ជំនួយការគ្រូបង្វឹក លោក Renee Sledgers នឹងដឹកនាំក្រុមនារី Arsenal ជាបណ្តោះអាសន្ន រហូតទាល់តែក្រុមអាចរកគ្រូបង្វឹកថ្មីបាន។

ក្រុមនារី Arsenal ដែលកំពុងឈរចំណាត់ថ្នាក់លេខ៦ ក្នុងការប្រកួតលីគបាល់ទាត់អង់គ្លេសនារី បានឈ្នះតែ១ប្រកួតក្នុងចំណោម៤ប្រកួត នៅរដូវកាលថ្មីនេះ។

ជុំវិញការសុំលាលែងពីតំណែងរបស់គ្រូបង្វឹកលោក Jonas Eidevall នេះ ក្រុមនារី Arsenal បានចេញសេចក្តីថ្លែងការណ៍ថា “ក្រុមសូមអរគុណដល់ការលះបង់ របស់លោក Jonas Eidevall ដែលបានជួយក្រុមរហូតមក ហើយក្រុមសូមជូនពរអោយលោកទទួលបានជោគជ័យនាពេលអនាគត។”

សូមបញ្ជាក់ថា លោក Jonas Eidevall បានចូលមកដឹកនាំក្រុមនារី Arsenal នៅឆ្នាំ២០២១ ដោយបាន ដឹកនាំចំនួន ១២០ប្រកួត ឈ្នះ ៨០ដង ស្មើ ១៦ដង និង ចាញ់២៤ដង។ លោកក៏បានជួយក្រុមនារី Arsenal ឈ្នះពានរង្វាន់ FA Women’s League Cup ចំនួន២ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង