×

ការព្រួយបារម្ភកើនឡើងក្រោយកីឡាករក្រោមអាយុ២១ឆ្នាំនៅ Premier League រងរបួសកាន់តែច្រើន

ការសិក្សាមួយបានបង្ហាញថា កីឡាករលេងនៅក្របខណ្ឌ Premier League ដែលមានអាយុក្រោម២១ ឆ្នាំត្រូវចំណាយពេលយូរជាងមុនក្នុងការព្យាបាលរាងកាយ ដោយភាគច្រើនពួកគេមានបញ្ហារបួសជង្គង់ ក្រោយពីឆ្លងកាត់ការប្រកួតដ៏តានតឹងជាច្រើនដងមក។

ទិន្នន័យថ្មីពីក្រុមហ៊ុនធានារ៉ាប់រងសកល Howden’s Men’s European Football Injury Index បានបង្ហាញពីនិន្នាការស្រដៀងគ្នានៅទូទាំងលីគកំពូលរបស់អឺរ៉ុប។ ការលាតត្រដាងនេះកើតឡើងនៅពេលដែលក្លិប និងប្រតិទិនអន្តរជាតិកាន់តែមានចំនួនប្រកួតច្រើនឡើង ហើយកីឡាករ បានជជែកវែកញែកអំពីកាលវិភាគដ៏មមាញឹក និងបានគំរាមកំហែងដល់សុខុមាលភាពរបស់ពួកគេ។

លោក James Burrows ប្រធានផ្នែកកីឡានៅក្រុមហ៊ុន Howden បានគូសបញ្ជាក់ពី តម្រូវការកីឡាករវ័យក្មេងៗដែលចេះតែកើនឡើងនិងការប្រកួតដ៏ច្រើនរបស់ក្លិបនៅក្របខណ្ឌ Premier League ដែលជាហេតុផលនៃការកើនឡើងនៃការរងរបួស។ បញ្ហានេះ ធ្វើអោយរាងកាយកីឡាករក្មេងៗ ជាពិសេសកីឡាករវ័យ ក្រោម ២១ឆ្នាំ ត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយពេលរងរបួសភាគច្រើនជារបួសជង្គង់ និង តម្រូវអោយពួកគេធ្វើការព្យាបាលរយៈពេលយូរខែ។

របាយការណ៍ពីសមាគមកីឡាករបាល់ទាត់អាជីព FIFPRO បានរកឃើញបញ្ហាស្រដៀងគ្នាចំពោះការប្រកួតបាល់ទាត់លីគអឺរ៉ុបផ្សេងដែរ ក្រៅពីក្របខណ្ឌ Premier League ដែលនាំអោយមានការព្រួយបារម្ភកាន់តែខ្លាំង។

លទ្ធផលត្រួតពិនិត្យបន្ទុកការងាររបស់កីឡាករបាល់ទាត់អឺរ៉ុបឆ្នាំ ២០២៤ អះអាងថា ៧៨ភាគរយ នៃគ្រូបង្វឹក និង ៧២ភាគរយ នៃកីឡាករចង់បានការប្រកួតនិងការសម្រាកដ៏សមរម្យមួយនៅក្នុងប្រតិទិនអន្តរជាតិ។

របាយការណ៍ដដែលបានរៀបរាប់អំពីភាពខុសគ្នាយ៉ាងខ្លាំង ដែលខ្សែបម្រើអង់គ្លេស និង ក្លិប Real Madrid កីឡាករ Jude Bellingham លេងបាន ២៥១ ប្រកួតមុនពេលឈានដល់អាយុ២១ឆ្នាំក្នុងខែមិថុនា ខណៈអតីតប្រធានក្រុមអង់គ្លេស David Beckham លេងត្រឹមតែ ៥៤ ប្រកួតប៉ុណ្ណោះ មុនពេលឈានដល់អាយុ ២១ឆ្នាំដូចគ្នា។

ទន្ទឹមនឹងនេះ FIFPRO បានអះអាងបន្ថែមថា កីឡាករមួយចំនួនមានអារម្មណ៍ថាពួកគេកំពុងត្រូវបានបង្ខំអោយមានការប្រកួតលើសពីដែនកំណត់រាងកាយរបស់ពួកគេ ដែលវានឹងក្លាយជាបញ្ហាធំមួយសម្រាប់ការប្រកួតបាល់ទាត់នាពេលអនាគត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង