លោក Alex Ferguson នឹងចាកចេញពីតួនាទីរបស់លោកក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ក្លិប Man UTD នៅចុងបញ្ចប់នៃរដូវកាលនេះ។
បុរសជនជាតិស្កុតឡេន ត្រូវបាន Man UTD ចំណាយប្រាក់ប្រមាណ ២,១៦លានផោនក្នុងមួយឆ្នាំ អោយលោកនៅកាន់តំណែងនៅក្លិបដើម្បីជាអ្នកជួយផ្សព្វផ្សាយអំពីក្លិប ចាប់តាំងពីរូបលោកបានចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកក្នុងឆ្នាំ ២០១៣។ ក្នុងអំឡុងពេលនោះ លោក Alex Ferguson បានដើរតួជាឯកអគ្គរដ្ឋទូតពិភពលោករបស់ក្លិបបិសាចក្រហម និងជានាយករបស់ក្លិបផងដែរ។ បុរសវ័យ៨២ឆ្នាំ បានចូលរួមក្នុងការប្រកួតជាប្រចាំ និងរក្សាកៅអីក្នុងទីតាំងជាថ្នាក់ដឹកនាំក្លិប។
ប្រភពពីក្លិប Man UTD បាននិយាយថា លោក Ferguson ជាគ្រូបង្វឹកជោគជ័យបំផុត ក្លិបក៏បានធ្វើការអរគុណចំពោះការដឹកនាំរបស់លោក ដែលបានធ្វើអោយ Man UTD ក្លាយជាក្លិបមានឈ្មោះល្បីល្បាញ និងបានឈ្នះពានរង្វាន់ជាច្រើនដែលមានពានរង្វាន់ Premier League ១៣ UEFA Champions Leagues ២ដង FA Cup ៥ដង និង League Cup ៤ដង ហើយរូបលោកនឹងនៅតែជាវីរបុរសនៅទឹកដី Old Trafford ជានិច្ច។
ចំពោះការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Alex Ferguson នេះ ត្រូវបានធ្វើឡើងដោយមានការព្រមព្រៀង បន្ទាប់ពីការសន្ទនាដោយផ្ទាល់ជាមួយសហម្ចាស់ក្លិបលោក Jim Ratcliffe រួមមក។
ទោះជាយ៉ាងណា ការចាកចេញរបស់លោក Ferguson វាកើតឡើងចំពេលដែលលោក Ratcliffe សម្លឹងមើលកាត់បន្ថយការចំណាយ ដើម្បីវិនិយោគប្រាក់បន្ថែមទៀតនៅក្នុងក្លិប។
បុគ្គលិកជាង ២៥០ នាក់ត្រូវបានផ្លាស់ប្តូររួចហើយ ដែលការផ្លាស់ប្តូរនេះក្លិប Man UTD រំពឹងថានឹងសន្សំបានប្រហែល ១០ លានផោនក្នុងមួយឆ្នាំ។
កាលពីខែមុន Man UTD បានប្រកាសពីការខាតបង់ចំនួន ១១៣ លានផោន។ ការខាតបង់នេះវាជិតដល់ដែនកំណត់នៃការខាតបង់ចំនួន ១១៥ លានផោនតាមច្បាប់នៃក្របខណ្ឌ Premier League ក្នុងរយៈពេល ៣ឆ្នាំ ប៉ុន្តែ Man UTD បាននិយាយថា ពួកគេនឹងប្តេជ្ញាគោរពតាមច្បាប់។
Man UTD បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី ១៤ ក្នុងក្របខណ្ឌ Premier League ហើយគ្រូបង្វឹកលោក Erik ten Hag ទោះជាមានសម្ពាធ តែរូបលោកនៅតែស្ថិតក្នុងការងាររបស់ខ្លួនមុនពេលការប្រកួតចុងសប្តាហ៍នេះជាមួយ Brentford ស្របពេលមានការជជែកវែកញែកយ៉ាងខ្លាំងអំពីអនាគតរបស់លោកនៅទឹកដី Old Trafford៕