
ខ្សែបម្រើ Antony របស់ក្លិប Man UTD បានទទួលការចាប់អារម្មណ៍ពីក្លិបរួមលីគកំពូលអង់គ្លេសដែលមាន ក្លិប Newcastle United និង Crystal Palace ហើយក្លិបទាំង២នឹងត្រៀមដាក់សំណើនាំយករូបគេនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
ទាំង Newcastle United និង Crystal Palace កំពុងតែចង់ពង្រឹងតំបន់ស្លាបរៀងខ្លួនហើយពួកគេ ពិតជាចង់បានកីឡាករប្រេស៊ីល ដែលក្លិប Man UTD ទិញពីក្លិប Ajax ក្នុងឆ្នាំ ២០២២ តម្លៃប្រមាណ ១០០លានអឺរ៉ូ ។
ជាមួយគ្នានេះដែរ ក្លិប Man UTD ត្រូវបានរាយការណ៍ថា ចង់បញ្ចេញកីឡាករវ័យ២៤ឆ្នាំដូចគ្នា បន្ទាប់ពីរូបគេហាក់មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Erik ten Hag ទៀតទេ។ រដូវកាលថ្មីនេះ Antony បង្ហាញខ្លួនបានតែ៤ប្រកួតប៉ុណ្ណោះ នៅគ្រប់កម្មវិធី។ Antony អាចនឹងត្រូវចាកចេញពីទឹកដី Old Trafford មិនថា លក្ខខណ្ឌទិញផ្តាច់ ឬ លក្ខខណ្ឌខ្ចីជើង។
ចំពោះ Newcastle United ចង់បាន Antony ដ្បិតពួកគេអាចនឹងចែកផ្លូវពីខ្សែបម្រើ Miguel Almiron នៅដើមឆ្នាំ២០២៥ ដោយកីឡាករប៉ារ៉ាហ្កាយ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅកាន់ក្លិបអាមេរិក Charlotte FC។ ដូច្នេះក្លិប Newcastle United ត្រូវការកីឡាករមួយរូបមកបំពេញតំណែងនេះ។
Antony បានបង្ហាញសមត្ថភាពយ៉ាងល្អពេលលេងអោយក្លិបហូឡង់ Ajax ដែលមានភាពទាក់ទាញរហូត Man UTD សម្រេចនាំយករូបគេមកចូលរួមកាលពីឆ្នាំ២០២២ និងជាការបំពេញតាមការចង់បានរបស់គ្រូបង្វឹកលោក Erik ten Hag ផងដែរ ។
ទោះយ៉ាងណា ការផ្លាស់ប្តូរនេះ មិនទទួលលទ្ធផលល្អតាមការគ្រោងទុកនោះទេ ដោយ Antony មិនអាចបញ្ចេញគុណផលបានខ្លាំងក្លា ខណៈ២រដូវកាលមុនរូបគេបានតស៊ូយ៉ាងលំបាកនៅក្នុងក្រុមបិសាចក្រហម ដោយអាចបង្ហាញខ្លួន បាន៨២ដង និងរកគ្រាប់បាល់បានតែ១១គ្រាប់គ្រប់ការប្រកួត។
ការវិលត្រឡប់ទៅកាន់ Ajax គឺជារឿងល្អសម្រាប់ Antony ប៉ុន្តែជម្រើសពីក្លិបទាំង២ខាងដើម ក៏អាចផ្តល់ឱកាសថ្មីដល់រូបគេដើម្បីបន្តបញ្ចេញសមត្ថភាពនៅក្របខណ្ឌ Premier League តទៅទៀត៕