×

ខ្សែការពារ Ben Chilwell ទទួលការចាប់អារម្មណ៍ពី Napoli ខណៈមិនសូវមានឱកាសលេងនៅ Chelsea

ខ្សែការពារ Ben Chilwell របស់ក្លិបអង់គ្លេស Chelsea បានទទួលការចាប់អារម្មណ៍ពីក្លិបអ៊ីតាលី Napoli ខណៈរូបគេមិនសូវមានឱកាសលេងច្រើនទេនៅទឹកដី Stamford Bridge។

ជាការពិត កីឡាករអង់គ្លេស ចង់ចាកចេញពី Chelsea តាំងពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ប៉ុន្តែក៏បង្ខំចិត្តបន្តលេងជាមួយក្លិបតោខៀវតទៅទៀត ព្រោះតែរូបគេបរាជ័យក្នុងការស្វែងរកក្លិបថ្មី។

Ben Chilwell គឺស្ថិតក្នុងក្រុមកីឡាករ Chelsea ដែលមិនសូវត្រូវប្រើប្រាស់ដែលមាន Raheem Sterling, Romelu Lukaku និង Trevoh Chalobah។ ពួកគេមិនត្រូវបានបង្វឹកដោយគ្រូបង្វឹកលោក Enzo Maresca នោះទេ។ ចាប់តាំងតែពីពេលដែលមានវត្តមានរបស់គ្រូបង្វឹក លោក Enzo Maresca មកដល់ទឹកដី Stamford Bridge រួចមក ចំនួនប្រកួតរបស់ Chilwell គឺបានធ្លាក់ចុះយ៉ាងខ្លាំងដូច្នេះគេជឿជាក់ថា ការដោះដូរនៅខែមករានេះនឹងអាចកើតមានឡើងជាមិនខាន។

ក្នុងការប្រកួតរដូវកាល ២០២៤-២៥ នេះ កីឡាករវ័យ២៨ឆ្នាំ មានឱកាសបង្ហាញខ្លួនតែ១លើកគត់ គឺការប្រកួត EFL Cup ជុំទី៣ ដែល Chelsea ឈ្នះ Barrow ដោយលទ្ធផល ៥-០ កាលពីខែកញ្ញា។ ចាប់តាំងពីពេលនោះមក Ben Chilwell មិនដែលត្រូវបានជ្រើសរើសក្នុងការប្រកួតទេ មិនថា ការប្រកួតក្របខណ្ឌ Premier League ឬ UEFA Conference League។

ខណៈដែលក្លិប Chelsea មិនសូវបានផ្តល់ឳកាសបង្ហាញខ្លួនជូន Ben Chilwell មានការជឿជាក់ថា ក្លិប Napoli កំពុងបន្តចង់នាំយកកីឡាករឆ្នើមៗ នៅលីគកំពូលអង់គ្លេស មកចូលរួមជាមួយខ្លួន ដែលកន្លងមកមានដូចជា Scott McTominay និង Billy Gilmour រួចទៅហើយ។

បើតាមសារពត៌មាន The Sun បានអោយដឹងថា គ្រូបង្វឹក Napoli បច្ចុប្បន្នលោក Antonio Conteគឺជាអ្នកគាំទ្រ Ben Chilwell ដ៏ធំមួយ និងចង់បានរូបគេមករួមការងារសាជាថ្មី ដូចពេលដែលលោកនៅដឹកនាំ Chelsea ។ លោក Conte អាចនឹងនាំយករូបគេមកាន់ Napoli ក្នុងនាមជាកីឡាករខ្ចីជើងសិន នៅទីផ្សារដោះដូរកីឡាករខែមករានេះ។ យ៉ាងណា Napoli អាចនឹងជួបប្រទះការប្រកួតដ៏តានតឹងដែរ ដ្បិត Ben Chilwell ក៏ទទួលការចាប់អារម្មណ៍ពីក្លិបមួយចំនួននៅ ក្របខណ្ឌ Premier League ដែរ ដែលមានដូចជា Fulham, Crystal Palace និង Ipswich Town និងប៉ងចង់បានរូបគេទៅចូលរួមនៅខែមករាដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង