ស្ថាប័ន Premier League បានបញ្ជូនគំនិតផ្តួចផ្តើមចំនួន ៣ ដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវការផ្សព្វផ្សាយនៃការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Premier League បានសាកល្បងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាជាច្រើន ដើម្បីកែលម្អ និងបដិវត្តន៍ដំណើរការសំខាន់ៗ។ អ្វីដែលគួរអោយកត់សំគាល់បំផុត គឺការដាក់អោយប្រើប្រាស់ប្រព័ន្ធ VAR និងបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ Semi-Automated Offside Technology ដែលគ្រោងនឹងនាំយកមកចាប់ពីរដូវកាល២០២៤-២៥។
ឥឡូវនេះ Premier League ចង់បង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតអោយក្រុមប្រព័ន្ធផ្សព្វផ្សាយ ធ្វើការចងក្រងភាពយន្តឯកសារ ហើយអ្នកគាំទ្រអាចចូលទៅមើល ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីកីឡាករ និងក្លិបដែលពួកគេចូលចិត្ត។ យ៉ាងណាបច្ចុប្បន្នប្រព័ន្ធថ្មីនេះមិនទាន់ត្រូវបានផ្តល់អោយអ្នកគាំទ្រដែលមើលការប្រកួតតាមទូរទស្សន៍នោះទេ គឺវាប្រើបានសម្រាប់តែអ្នកយកព័ត៌មាននៅទីលាន ប៉ុណ្ណោះ។
Premier League ក៏ចង់រួមបញ្ចូលនូវការសម្ភាសន៍កីឡាករឬគ្រូបង្វឹក ក្រោយចប់ការប្រកួតវគ្គទី១ ដែលមិនធ្លាប់បានធ្វើក្នុងកីឡាបាល់ទាត់អាជីពរបស់អង់គ្លេសនោះទេ ប៉ុន្តែជារឿងធម្មតានៅក្នុងកីឡាផ្សេងទៀត ដូចជាកីឡា Cricket ជាដើម។ ប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានសិទ្ធនៅលើទីលាន អាចជ្រើសរើសកីឡាករ ៥ រូប ឬ គ្រូបង្វឹកណាមួយ ហើយនឹងសួរសំណួរ វិជ្ជមាន មិនលើសពី៣ សំណួរ មុនពេលពួកគេត្រឡប់ទៅទីលានវិញសម្រាប់ការប្រកួតវគ្គទី២។ ការសម្ភាសន៍ស្ថានភាពប្រកួតក៏នឹងអាចកើតមានផងដែរ សម្រាប់កីឡាករ ដែលត្រូវបានប្តូរចេញពីទីលានអំឡុងការប្រកួត។
ចុងក្រោយស្ថាប័ន Premier League ចង់អោយមានការថតពីសកម្មភាពរបស់កីឡាករក្នុងបន្ទប់ផ្លាស់ស្លៀកសម្លៀកបំពាក់ផងដែរ។
យោងតាមកាសែត Daily Mail ស្ថាប័ន Premier League បានបញ្ជូនគំនិតផ្តួចផ្តើមទាំង ៣ នេះទៅកាន់ក្លិបនៃលីគកំពូលអង់គ្លេសទាំង២០ ដើម្បីពិនិត្យឡើងវិញ។ វាមិនច្បាស់ទេថាតើសំណើនេះនឹងត្រូវបានទទួលយកដោយក្លិបទាំង ២០ ឬយ៉ាងណា បើទោះបីជាវាត្រូវបានគេយល់ថាក្លិបជាច្រើនរួមទាំង Manchester United និង Liverpool បានចូលរួមក្នុងការបង្កើតសំណើសម្រាប់ការសម្ភាសន៍ពាក់កណ្តាលការប្រកួត ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់ Premier League៕