មានការរាយការណ៍មកថា ក្លិបអេស្ប៉ាញ Barcelona កំពុងបង្កើនការចាប់អារម្មណ៍និង ចង់ផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland ពីក្លិបអង់គ្លេស Man City បើទោះជាក្លិបអ្នកមានបុណ្យបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុក្តី។
ប្រធានក្លិប Barcelona លោក Joan Laporta បានពេញចិត្តកីឡាករន័រវេស តាំងពីពេលដែលរូបគេលេងនៅក្លិបអាល្លឺម៉ង់ Borussia Dortmund មកម្ល៉េះ ហើយការពេញចិត្តរបស់លោកកាន់តែកើនឡើងក្រោយឃើញរូបគេបញ្ចេញសមត្ថភាពយ៉ាងលេចធ្លោជាមួយក្លិប Man City។
លោក Joan Laporta អាចនឹងធ្វើការចរចាជាមួយភ្នាក់ងាររបស់ Erling Haaland ជាមុនសិន អំពីលទ្ធភាពក្នុងការនាំយករូបគេចេញពីកីឡដ្ឋាន Etihad។
វាត្រូវបានគេជឿថាលោក Laporta មានទំនាក់ទំនងដ៏ល្អជាមួយភ្នាក់ងារបច្ចុប្បន្នរបស់ Haaland គឺលោក Rafela Pimenta ដែលលោកសង្ឃឹមថា អាចជាចំណុចសំខាន់នៅក្នុងកិច្ចព្រមព្រៀងដែលយកទៅចរចា។
របាយការណ៍ពីប្រទេសអេស្ប៉ាញកាលពីខែមុនបានលើកឡើងថា Haaland ជិតឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយនៅ Man City ប៉ុន្តែ ដំណឹងនេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ ដែលវាបានផ្តល់អោយក្លិប Barcelona នូវក្តីសង្ឃឹម និងការជម្រុញអោយក្លិបអ្នកមានបុណ្យ ដាក់សំណើចង់បានកីឡាករវ័យ២៤ឆ្នាំ។
ទោះយ៉ាងណា Erling Haaland ត្រូវបានដឹងថា កំពុងមានភាពរីករាយក្នុងការលេងនៅក្របខណ្ឌ Premier League នឹងកំពុងមានគុណផលយ៉ាងអស្ចារ្យថែមទៀត។ ជាក់ស្តែង ការប្រកួត Premier League ២០២៤-២៥ នេះ Erling Haaland បានបង្ហាញខ្លួនអោយ Man City គ្រប់ ៧ប្រកួតដំបូង និង បានស៊ុតបញ្ចូលទីដល់ទៅ១០គ្រាប់ ដែលធ្វើអោយរូបគេកាន់កាប់កំពូលតារាងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលអង់គ្លេស គិតត្រឹម៧សប្តាហ៍ដំបូង។
ដោយឡែក ក្រោយការសម្រាកអន្តរជាតិ Erling Haaland ក៏នឹងត្រៀមខ្លួនចូលរួមជាមួយ Man City ក្នុងការវិលមកកាន់ការប្រកួត Premier League ឡើងវិញ ដោយនឹងត្រូវប៉ះ Wolverhampton Wanderers នៅកីឡដ្ឋាន Molineux Stadium នៅចុងសប្តាហ៍នេះ។
ឆ្លងកាត់៧ប្រកួតនៅក្របខណ្ឌ Premier League ២០២៤-២៥ Man City មានលទ្ធផលឈ្នះ៥ស្មើ២មាន១៧ពិន្ទុឈរចំណាត់ថ្នាក់លេខ២ ពីក្រោមក្រុម Liverpool ចំនួន១ពិន្ទុ។ រីឯគូប្រជែងរបស់ពួកគេនៅចុងសប្តាហ៍នេះ គឺក្រុម Wolverhampton មានលទ្ធផលមិនល្អនោះទេ ដោយមិនទាន់អាចរកជ័យជំនះបាននោះឡើយ ហើយពួកគេមានតែ១ពិន្ទុ ឈរនៅបាតតារាងតែម្តង៕