×

ខ្សែការពារ Trent Alexander-Arnold របស់ Liverpool ទទួលបានការចាប់អារម្មណ៍ពី Real Madrid

ខ្សែការពារ Trent Alexander-Arnold របស់ក្លិបអង់គ្លេស Liverpool ទទួលបានការចាប់អារម្មណ៍ពីក្លិបអេស្ប៉ាញ Real Madrid។ នេះបើតាមការបង្ហើបអោយដឹងពីអ្នកសារពត៌មានកីឡាល្បីឈ្មោះ លោក Fabrizio Romano។

កីឡាករអង់គ្លេស កំពុងមានអនាគតមិនច្បាស់លាស់សម្រាប់ការលេងនៅទឹកដី Anfield ។ ជាក់ស្តែង កិច្ចសន្យារបស់ Trent Alexander-Arnold ជាមួយ Liverpool នឹងផុតនៅដំណាច់រដូវកាលនេះហើយ ប៉ុន្តែ កីឡាករវ័យ២៦ឆ្នាំ មិនទាន់យល់ព្រមក្នុងការបន្តកិច្ចសន្យាថ្មីនៅឡើយទេ។ ដោយសារដំណឹងនេះហើយ បានធ្វើអោយមានការចាប់អារម្មណ៍ទៅលើ Alexander-Arnold ពីសំណាក់ក្លិប Real Madrid នឹងបានចាត់ទុករូបគេជាគោលដៅផ្ទេរចម្បងមួយ។

មែនទែនទៅ Real Madrid មានគោលដៅកីឡាករជាច្រើនរូបរួចមកហើយ ដូចជា Pedro Porro របស់ ក្លិប Tottenham Hotspur , Jeremie Frimpong របស់ក្លិប Jeremie Frimpong និង Juanlu Sánchez របស់ក្លិប Sevilla។

ទោះយ៉ាងណា Real Madrid មានការពេញចិត្ត Trent Alexander-Arnold ខ្លាំងជាងគេ នឹងមានគម្រោងផ្ទេរយករូបគេ បើសិនសាមីកីឡាករមិនចង់ស្នាក់នៅជាមួយ Liverpool តទៅទៀត។ Trent Alexander-Arnold នឹងអាចចាប់ផ្តើមចរចាជាមួយក្លិបដទៃនៅខែមករាខាងមុខក្នុងនាមជាកីឡាករឥតតម្លៃខ្លួន បើសិន Liverpool មិនអាចឈានដល់ការព្រមព្រៀងបន្តកុងត្រាថ្មីជាមួយរូបគេនាពេលឆាប់ៗ។

សូមបញ្ជាក់ថា Trent Alexander-Arnold ជាកីឡាករថ្នាលយុវជន និង បានឡើងមកលេងអោយក្រុមឈុតធំរបស់ Liverpool នៅក្នុងឆ្នាំ២០១៦។ រូបគេបានបង្ហាញខ្លួន ៣១៩ ដង និងស៊ុតបញ្ចូលទីបាន១៩គ្រាប់ដែរ អោយក្រុមហង្សក្រហម ហើយបានរួមចំណែកឈ្នះពានរង្វាន់ក្នុងស្រុកដូចជាពានរង្វាន់ Premier League ១ដង FA Cup ១ដង EFL Cup ១ដង និង FA Community Shield ១ដង រួមនឹងពានរង្វាន់អន្តរជាតិដូចជា UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង