×

លោក Rio Ferdinand ថា បុគ្គលិក Man UTD នឹងមិនមានសុវត្ថិភាពទេ ក្រោយលោក Alex Ferguson ត្រៀមបញ្ចប់តំណែង

អតីតខ្សែការពារ Man UTD ដែលបច្ចុប្បន្នជាពិធីករកីឡាល្បីឈ្មោះនៅទូរទស្សន៍ TNT Sports នៅអង់គ្លេស លោក Rio Ferdinand បាននិយាយចំៗថា គ្រប់បុគ្គលិកនៅក្លិប Man UTD នឹងមិនមានសុវត្ថិភាពទេ ចាប់ពីពេលនេះតទៅ។

ការលើកឡើងរបស់បុរសវ័យ៤៥ឆ្នាំគឺបន្ទាប់ពីលោក Alex Ferguson នឹងចាកចេញពីតួនាទីរបស់លោកក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ក្លិប Man UTD នៅចុងបញ្ចប់នៃរដូវកាលនេះ។

កិច្ចសន្យាតម្លៃរាប់លានផោនរបស់លោក Alex Ferguson ជាមួយក្លិបបិសាចក្រហម បានឈានដល់ទីបញ្ចប់ បន្ទាប់ពីការសម្រេចចិត្តរបស់ម្ចាស់ភាគហ៊ុន INEOS គឺលោក Jim Ratcliffe ។ លោក Ratcliffe បានជូនដំណឹងដល់លោក Ferguson ក្នុងជំនួបទល់មុខគ្នា ហើយបញ្ហានេះត្រូវបានដោះស្រាយ ដោយរលូនរវាងពួកគាត់ទាំងពីរ។

លោក Ferdinand បានសរសេរទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X យ៉ាងដូច្នេះថា “ប្រសិនលោក Alex Ferguson ត្រូវបានគេដកចេញហើយនោះ គឺគ្មាននរណាម្នាក់មានសុវត្ថិភាពនៅ Man UTD ទេ អ្នកណាក៏អាចនឹងទទួលបានលទ្ធផលដូចនេះដែរ។ ក្រុមហ៊ុន INEOS កំពុងផ្ញើរសារនេះទៅកាន់អ្នកគ្រប់គ្នានៅក្នុងក្លិប Man UTD បណ្តើរៗហើយ។”

លោក Alex Ferguson ជនជាតិស្កុតឡេន ត្រូវបាន Man UTD ចំណាយប្រាក់ប្រមាណ ២,១៦លានផោនក្នុងមួយឆ្នាំ អោយលោកនៅកាន់តំណែងនៅក្លិបដើម្បីជាអ្នកជួយផ្សព្វផ្សាយអំពីក្លិប ចាប់តាំងពីរូបលោកបានចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកក្នុងឆ្នាំ ២០១៣។ ក្នុងអំឡុងពេលនោះ លោក Alex Ferguson បានដើរតួជាឯកអគ្គរដ្ឋទូតពិភពលោករបស់ក្លិបបិសាចក្រហម និងជានាយករបស់ក្លិបផងដែរ។ បុរសវ័យ៨២ឆ្នាំ បានចូលរួមក្នុងការប្រកួតជាប្រចាំ និងរក្សាកៅអីក្នុងទីតាំងជាថ្នាក់ដឹកនាំក្លិប។

ប្រភពពីក្លិប Man UTD បាននិយាយថា លោក Ferguson ជាគ្រូបង្វឹកជោគជ័យបំផុត ក្លិបក៏បានធ្វើការអរគុណចំពោះការដឹកនាំរបស់លោក ដែលបានធ្វើអោយ Man UTD ក្លាយជាក្លិបមានឈ្មោះល្បីល្បាញ និងបានឈ្នះពានរង្វាន់ជាច្រើនដែលមានពានរង្វាន់ Premier League ១៣ UEFA Champions Leagues ២ដង FA Cup ៥ដង និង League Cup ៤ដង ហើយរូបលោកនឹងនៅតែជាវីរបុរសនៅទឹកដី Old Trafford ជានិច្ច។

សម្រាប់ ការចាកចេញរបស់លោក Ferguson វាកើតឡើងចំពេលដែលលោក Ratcliffe សម្លឹងមើលកាត់បន្ថយការចំណាយ ដើម្បីវិនិយោគប្រាក់បន្ថែមទៀតនៅក្នុងក្លិប។ បុគ្គលិកជាង ២៥០ នាក់ត្រូវបានផ្លាស់ប្តូររួចហើយ ដែលការផ្លាស់ប្តូរនេះក្លិប Man UTD រំពឹងថានឹងសន្សំបានប្រហែល ១០ លានផោនក្នុងមួយឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង