នាយកគ្រប់គ្រងកីឡារបស់ក្លិបបាល់ទាត់ Chelsea លោក Paul Winstanley ជឿថា ខ្សែបម្រើ Cole Palmer នឹងអាចឈ្នះពានរង្វាន់ Ballon D’Or នាប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ។
កីឡាករអង់គ្លេស វ័យ២២ឆ្នាំ ទើបតែបានឈ្នះពានរង្វាន់កីឡាករឆ្នើមនៅ Premier League ប្រចាំខែកញ្ញា កន្លងទៅ។ រូបគេបានក្លាយជាកីឡាករសំខាន់របស់ក្រុមតោខៀវ ចាប់តាំងពីចាកចេញពី Manchester City មកចូលរួមក្នុងឆ្នាំ ២០២៣។ Cole Palmer បានស៊ុត ២៥គ្រាប់ និង ចែកបាល់សម្រេចទី ១៥ដង ក្នុងរដូវកាលដំបូងរបស់គេនៅទឹកដី Stamford Bridge។ រដូវកាលនេះវិញ រូបគេបានស៊ុតបញ្ចូលទី ៦ គ្រាប់ និង ចែកបាល់សម្រេចទី៥ដង ពីការបង្ហាញខ្លួន៩ដងនៅគ្រប់កម្មវិធី។
ចំពោះការលើកឡើងរបស់លោក Paul Winstanley នាយកគ្រប់គ្រងក្លិប Chelsea ខាងលើហាក់សម្ដែងភាពជឿជាក់ និងច្បាស់លាស់ខ្លាំងមែនទែន ដែលទំនងជារឿងនេះវាកំពុងតែកើតឡើងក្នុងចិត្តរបស់លោកយ៉ាងដូច្នេះដែរ។
បើនិយាយពីអត្តចរិត Palmer ហាក់ដូចជាមានភាពស្លូតបូតបន្តិច ប៉ុន្តែបើមើលទៅលើការលេងរបស់គេវិញគឺបង្ហាញអោយគ្រប់គ្នាមើលឃើញថា គឺរូបគេពិតជាអស្ចារ្យ។
លោក Paul Winstanley បន្ថែមទៀតថា គ្រប់គ្នាបានឃើញពីចំណុចវិជ្ជមានទាំងនោះក្នុងពេលហ្វឹកហាត់ និងបានឃើញវាក្នុងពេលដែលគ្រប់ការប្រកួតបានចាប់ផ្ដើម និងកំពុងតែដំណើរការលើទីលាន។
សូមបញ្ជាក់ថា Palmer ជាយុវជនរបស់ Man City ហើយគេបានសុខចិត្តដើរចេញពីទឹកដី Etihad ព្រោះតែចង់បានឱកាសចូលលេងអោយបានច្រើននៅលើទីលាន ។ Palmer បានផ្ទេរមកកាន់ Chelsea ដោយបច្ចុប្បន្នគេកំពុងវិវឌ្ឍន៍ខ្លួនជាកូនសោដ៏សំខាន់របស់ក្រុមតោខៀវ។ គិតមកដល់ពេលនេះ រូបគេរកបាន២៨គ្រាប់ហើយសរុបការលេងបាន៤០ប្រកួតបូកទាំងរដូវកាលមុន និងរដូវកាលនេះ។
ដោយឡែក Chelsea បច្ចុប្បន្ន កំពុងឈរចំណាត់ថ្នាក់លេខ៤នៃតារាងពិន្ទុក្របខណ្ឌ Premier League មាន១៤ពិន្ទុ។ ក្រោយការសម្រាកអន្តរជាតិ Chelsea នឹងត្រូវជួប Liverpool ដែលការប្រកួតនឹងធ្វើឡើងនាកីឡដ្ឋាន Anfield នៅចុងសប្តាហ៍នេះ៕