×

ខ្សែបម្រើ Kobbie Mainoo របស់ Man UTD នឹងអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួសសាច់ដុំ

ខ្សែបម្រើ Kobbie Mainoo របស់ Man UTD នឹងអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួសសាច់ដុំ។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន BBC។

កីឡាករវ័យ១៩ឆ្នាំបានទទួលរងរបួសកាលពីការប្រកួតដែល Man UTD ស្មើគ្នា ០-០ ទល់នឹង Aston Villa ក្នុងជំនួបក្របខណ្ឌ Premier League កន្លងទៅ ហើយរូបគេមិនបានចូលរួមការប្រកួត របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅក្នុងពានរង្វាន់ UEFA Nations League ២ប្រកួតនៅខែតុលានេះទេ។

ក្រៅពីអវត្តមានរបស់ Kobbie Mainoo ហើយ ខ្សែការពារ Harry Maguire ក៏មិនទាន់អាចវិលត្រឡប់មកវិញដែរ ដោយសាររងរបួសក្នុងការប្រកួតនៅកីឡដ្ឋាន Villa Park ដូចគ្នា។

ទោះយ៉ាងណា Man UTD ក៏ទទួលដំណឹងល្អខ្លះដែរ ដោយខ្សែការពារ Noussair Mazraoui បានត្រឡប់មកកាន់ការហ្វឹកហាត់វិញ ក្រោយធូរស្រាលបញ្ហាបេះដូងលោតខុសចង្វាក់។

ក្រៅពីនេះ ខ្សែបម្រើ Alejandro Garnacho ដែលមានរបួសជង្គង់ និង ខ្សែបម្រើ Amad Diallo ដែលមានបញ្ហាសុខភាពនោះ ក៏បានវិលត្រឡប់មកកាន់ការហ្វឹកហាត់ឡើងវិញដែរ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសម្រាកអន្តរជាតិ Man UTD នឹងវិលមកកាន់ការប្រកួតក្របខណ្ឌ Premier League វិញ សម្រាប់ការប្រកួតសប្តាហ៍ទី៨ នៅចុងសប្តាហ៍នេះ ដោយត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីស្វាគមន៍ក្រុម Brentford៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង