×

Wolverhampton Wanderers ចង់អោយបញ្ឈប់ការប្រើប្រាស់ VAR នៅ Premier League

ប្រធានអាជ្ញាកណ្ដាលនៅក្របខណ្ឌ Premier League លោក Howard Webb បាននិយាយថាមានក្លិបមួយក្នុងចំណោមក្លិបទាំង២០បានបោះឆ្នោតអោយមានការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR ។

ជាការពិត Wolverhampton Wanderers ជាក្លិបដែលបោះឆ្នោតអោយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធ VAR ខណៈក្លិប១៩ផ្សេងទៀតនៅ English Premier League បោះឆ្នោតអោយបន្តប្រើប្រាស់ប្រព័ន្ធនេះ ដោយការបោះឆ្នោតនេះបានធ្វើវាកាលពីខែកក្កដា ឆ្នាំ២០២៤។

រដូវកាល២០២៣-២៤កន្លងទៅ បញ្ហាប្រព័ន្ធ VAR ធ្លាប់បានកើតឡើងទៅលើ Wolverhampton, Liverpool និងក្លិបមួយចំនួនផ្សេងទៀត ដែលបង្កអោយក្លិបទាំងនោះទាមទារអោយមានដំណោះស្រាយ។ យ៉ាងណាមិញ ក្នុងចំណោមនោះ ក្លិប Wolverhampton ចង់អោយដកប្រព័ន្ធ VAR នេះចេញតែម្តង ប៉ុន្តែក្លិបធំៗផ្សេងទៀតដូចជា Man City, Arsenal និង Tottenham Hotspur ជាដើមបានគាំទ្រ ផែនការកែលម្អ ហើយចង់អោយបន្តប្រើប្រាស់ ប្រព័ន្ធ VAR ។

ទាក់ទិននឹងរឿងនេះ ប្រធានអាជ្ញាកណ្ដាល លោក Howard Webb បានពន្យល់ថា រដូវកាលនេះ VAR បានជួយដល់ការកាត់ក្ដីរបស់អាជ្ញាកណ្ដាលបានប្រហែលជា៨០ភាគរយ ខណៈនោះមាន៣១លើកដែលបានកាត់ក្ដីខុសក្នុងរដូវកាល២០២៣-២០២៤នេះ។

បើគិតមកដល់ពេលនេះការប្រើប្រាស់ VAR មានរយៈពេល៥ឆ្នាំមកហើយនៅ Premier League ប៉ុន្តែបើមើលទៅការគ្រប់គ្រងប្រព័ន្ធ និងការប្រើប្រាស់វានៅតែត្រូវការការពិភាក្សាឬសិក្សាបន្ថែមទៀត ដើម្បីឲ្យកាន់តែមានភាពប្រសើរឡើង និងស៊ីចង្វាក់គ្នាបានល្អ។

ក្រៅពីការប្រើប្រាស់ប្រព័ន្ធ VAR ហើយ Premier League ក៏ចាប់ផ្តើមចង់អោយមានការប្រើប្រាស់ប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិ Semi-Automated Offside Technology នៅចាប់ពីការប្រកួតនាខែតុលា ឬ ខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែ ក៏ត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០២៥ វិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង