ក្លិបអង់គ្លេស Liverpool បានត្រៀមចំណាយលុយធំប្រមាណ ១៣៤ លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធ Rodrygo Silva de Goes ពីក្លិបអេស្ប៉ាញ Real Madrid ដើម្បីទុកជំនួសខ្សែប្រយុទ្ធ Mohamed Salah នៅពេលដែលរូបគេត្រូវចាកចេញពីក្លិប។
ជាការពិត Mohamed Salah នៅតែជាកីឡាករសំខាន់មួយរូបរបស់ Liverpool ដោយបានស៊ុតបញ្ចូលទីចំនួន ៤គ្រាប់ ពីការបង្ហាញខ្លួនគ្រប់៧ប្រកួតនៃជំនួបក្របខណ្ឌ Premier League 2024-25 និងបានជួយក្រុមឡើងមកឈរកំពូលតារាងពិន្ទុផងដែរ។
ទោះយ៉ាងណា កីឡាករអេហ្ស៊ីបរូបនេះ បានឈានដល់វ័យ៣៣ឆ្នាំ ហើយកុងត្រារបស់គេ នឹងបញ្ចប់នៅដំណាច់រដូវកាលនេះ ដោយមិនទាន់មានការអះអាងអោយបានច្បាស់លាស់ពីការបន្តកុងត្រាថ្មីនោះទេ ប៉ុន្តែ Liverpool បែរជាមានបំណងស្វែងរកកីឡាករថ្មីមកជំនួសរូបគេទៅវិញ។
នៅពេលនេះ ក្លិបហង្សក្រហម បានដាក់គោលដៅទៅលើ ខ្សែប្រយុទ្ធ Rodrygo របស់ Real Madrid។ ចំពោះតម្លៃនៃការផ្ទេររបស់កីឡាករប្រេស៊ីល វ័យ២៣ឆ្នាំ ត្រូវបានជឿថា មានតម្លៃប្រមាណ ១៣៤លានផោន ហើយ Real Madrid មានបំណងបញ្ចេញរូបគេចេញផងដែរ បើទោះជារូបគេ គឺជាកីឡាករសំខាន់មួយរូបរបស់គ្រូបង្វឹកលោក Carlo Ancelotti ក្តី។
មានការរាយការណ៍អោយដឹងថា Rodrygo គឺពិតជារីករាយក្នុងការលេងជាមួយក្រុមអធិរាជស និងបានបង្ហាញខ្លួនគ្រប់៩ប្រកួតនៅក្របខណ្ឌ La Liga 2024-25។ ប៉ុន្តែ ជាមួយនឹងវត្តមានកីឡាករឆ្នើមៗផ្សេងទៀតដូចជា Vinicius Junior, Kylian Mbappe, Endrick, និង Brahim Diaz ផងនោះ បានធ្វើអោយការប្រជែងតំណែងនៅក្នុងក្រុមកាន់តែមានភាពពិបាក។
ដោយឡែក Rodrygo មានកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៨ ហើយប្រសិនបើពួកគេអាចបញ្ចេញរូបគេបានសម្រេច នោះក្លិបនឹងទទួលបានផលចំណេញច្រើន។
តម្លៃនៃការផ្ទេររបស់ Rodrygo ត្រូវបានចាត់ទុកថាជាតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែក្លិប Liverpool ត្រូវបានជឿថា នឹងត្រៀមដើម្បីចំណាយនាំយករូបគេ មកពង្រឹងក្រុមអោយកាន់តែមានសក្កដានុពលបន្ថែមទៀត។
Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Arne Slot នៅតែមានភាពខ្លាំងក្លា ដោយក្រោយពីឆ្លងកាត់ការប្រកួត ៧ដង នៃក្របខណ្ឌ Premier League 2024-25 ពួកគេឈ្នះ៦ដង ចាញ់តែ១ដង មាន១៨ពិន្ទុ ឈរកំពូលតារាង ពីលើក្រុមការពារជើងឯក Man City ចំនួន១ពិន្ទុ។ ការប្រកួត Premier League ជាបន្តនៅចុងសប្តាហ៍នេះ Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលក្រុមភ្ញៀវ Chelsea៕