×

ខ្សែបម្រើ Lucas Paqueta របស់ West Ham ចង់អោយ FA បង្ហាញការស៊ើបអង្កេតរឿងខ្លួនពាក់ព័ន្ធល្បែងភ្នាល់

ខ្សែបម្រើ Lucas Paqueta របស់ក្លិប West Ham United ចង់អោយសមាគមបាល់ទាត់អង់គ្លេស FA បង្ហាញភ័ស្តុតាងនៃការស៊ើបអង្កេត ដែលរូបគេត្រូវរងការចោទប្រកាន់ថាបានពាក់ព័ន្ធល្បែងភ្នាល់លទ្ធផលប្រកួត។

ជាការពិត សមាគមបាល់ទាត់អង់គ្លេស FA កំពុងស៊ើបអង្កេតទៅលើ កីឡាករវ័យ២៧ឆ្នាំ ក្នុងករណីភ្នាល់។ FA សង្ស័យថា ការទទួលបានកាតលឿនចំនួន៤លើករបស់ Lucas Paqueta ក្នុងការប្រកួត Premier League ទល់នឹងក្រុម Bournemouth, Aston Villa, Leed United និង Leicester City សុទ្ធសឹងតែពាក់ព័ន្ធករណីរូបគេភ្នាល់លទ្ធផលប្រកួតនៅក្នុងប្រទេសប្រេស៊ីល។

ការភ្នាល់ប្រមាណជា៦០ករណីពាក់ព័ន្ធការពិន័យកាតលឿងនិងត្រូវគេសង្ស័យថា មានចំនួនទឹកប្រាក់ប្រមាណជា៧ផោន ទៅ៤០០ផោន ជាមួយនឹងតម្លៃឈ្នះសរុប ១០ម៉ឺនផោន ឯណោះ។ ប្រសិនបើរកឃើញថា មានទោសកំហុសនោះ Lucas Paqueta រងពិន័យមិនអោយចូលលេងបាល់ទាត់នៅអង់គ្លេសមួយជីវិត។

យ៉ាងណាមិញ សាមីកីឡាករបានធ្វើការច្រានចោលការចោទប្រកាន់ទាំងអស់ និង ថាខ្លួននឹងចូលរួមសហការរាល់គ្រប់ការស៊ើបអង្កេតដែលធ្វើឡើងដោយមន្ត្រីអង់គ្លេស។ បន្ថែមពីនេះ Lucas Paqueta បានស្នើអោយ FA បង្ហាញភ័ស្តុតាងនៃការស៊ើបអង្កេត ព្រោះជឿថា ខ្លួនត្រូវរងការចោទប្រកាន់ដោយបំភាន់និងមិនត្រឹមត្រូវ។

ទាក់ទិននឹងរឿងនេះ កីឡាករ Lucas Paqueta បានសរសេរលើគណនីសង្គម X ថា “ខ្ញុំមានការខកចិត្ត ដែលបានអានអត្ថបទសារព័ត៌មានដែលបំភាន់ និងមិនត្រឹមត្រូវ ដែលបានចុះផ្សាយទាំងនៅក្នុងប្រទេសអង់គ្លេស និងប្រេស៊ីល។ ព័ត៌មានមួយចំនួនគឺមិនពិតទាំងស្រុង ហើយត្រូវបានបង្កើតឡើងដើម្បីធ្វើអោយប៉ះពាល់ដល់រូបខ្ញុំ។ ខ្ញុំនឹងចូលរួមសហការរាល់ការស៊ើបអង្កេត ប៉ុន្តែខ្ញុំក៏ចង់បានការបង្ហាញភ័ស្តុតាងនៃការស៊ើបអង្កេតពីសំណាក់ FA វិញដែរ។”

Lucas Paqueta បានចាកចេញពី ក្លិបបារាំង Lyon មកចូលរួមក្លិបអង់គ្លេស West Ham United នៅឆ្នាំ ២០២២ ដោយមកទល់ពេលនេះគេបានបង្ហាញខ្លួន ៩៣ដង រកបាន១៥គ្រាប់ផងដែរ សម្រាប់ក្រុមនៅក្របខណ្ឌ Premier League មួយនេះ។

ការកាត់ក្តីលើករណីរបស់ Lucas Paqueta នឹងធ្វើឡើងនាខែមីនា ឆ្នាំក្រោយ ហើយលទ្ធផលសម្រេចអាចនឹងត្រូវប្រកាសក្រោយចប់រដូវកាល ២០២៤-២៥ ឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង