×

គ្រូ Liverpool ថា ក្រុមខ្លួនមានភាពតានតឹងខ្លាំងមុនយកឈ្នះ Chelsea

គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថា ក្រុមរបស់លោកពិតជាមានភាពតានតឹងខ្លាំងណាស់ មុនពេលអាចប្រកួតយកឈ្នះក្រុម Chelsea។

ការប្រកួតក្របខណ្ឌ Premier League 2024-25 សប្តាហ៍ទី៨ ដែលធ្វើឡើងនាកីឡដ្ឋាន Anfield ក្រុមម្ចាស់ផ្ទះ Liverpool បានយកឈ្នះក្រុមភ្ញៀវ Chelsea ដោយលទ្ធផល ២-១ ។ ខ្សែប្រយុទ្ធ Mohamed Salah ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ បើកការនាំមុខ អោយ Liverpool ដោយបាល់ពិន័យនេះកើតឡើង ក្រោយពីកីឡាករ Levi Colwill របស់ Chelsea បង្កកំហុសលើ Curtis Jones។ វគ្គទី១ មានការស៊ុតបាល់តែ១លើកនេះប៉ុណ្ណោះ។

ឈានដល់វគ្គទី២ Chelsea បានប្រឹងប្រែងវាយសម្រុកតាមស្មើវិញ ដោយ Nicolas Jackson ស៊ុតបញ្ចូលទីនៅនាទី ៤៨។ យ៉ាងណា នាទី៥១ Curtis Jones បានស៊ុតបញ្ចូលទីជួយអោយ Liverpool នាំមុខវិញ។ ក្រុមទាំងសងខាងនៅតែវាយសម្រុកដាក់គ្នាយ៉ាងសស្រាក់សស្រាំដដែល ប៉ុន្តែមិនមានក្រុមណាអាចធ្វើបានសម្រេចទៀតទេ។ ដូច្នេះ លទ្ធផលចប់ការប្រកួតគឺ Liverpool ២ Chelsea ១ ។

ទោះជាបានឈ្នះការប្រកួតក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក Liverpool លោក Arne Slot បានទទួលស្គាល់ថា ក្រុមគូប្រជែងពិតជាមានភាពខ្លាំងក្លា ហើយក្រុមរបស់លោក មានភាពតានតឹង និង ពិបាកច្រើនមុនពេលអាចយកឈ្នះការប្រកួត។

លោក Arne Slot បានថ្លែងអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ការប្រកួតជាច្រើនដែលយើងឆ្លងកាត់ មានភាពតានតឹង ប៉ុន្តែការប្រកួតទល់នឹង Chelsea ពិតជាមានភាពតានតឹងខ្លាំង និង ពិបាកខ្លាំងដែរ។ ក្រុមគូប្រជែង មានកីឡាករដែលមានគុណភាព ហើយពួកគេមានយុទ្ធសាស្ត្រល្អ ហើយយើងត្រូវធ្វើការតស៊ូខ្លាំងណាស់ទម្រាំបានឈ្នះ។”

បុរសវ័យ៤៦ឆ្នាំបន្តថា “អ្វីដែលជារឿងល្អ គឺគូប្រជែរបស់យើងកាន់តែខ្លាំង នោះយើងកាន់តែត្រូវពង្រឹងខ្លួនរបស់យើងអោយកាន់តែខ្លាំងដែរ។ នៅ Premier League មានកីឡាករល្អៗ និង ក្រុមល្អៗជាច្រើន ដូច្នេះបើចង់ឈ្នះអ្នកត្រូវធ្វើខ្លួនអោយកាន់តែខ្លាំង។”

ឆ្លងកាត់ ៨ ប្រកួតកន្លងមក Liverpool ចាញ់តែ១ដង ឈ្នះ ៧ដង។ ក្រុមហង្សក្រហមកំពុងឈរកំពូលតារាងដដែល ដោយមាន ២១ពិន្ទុ ពីលើក្រុមលេខ២ Manchester City តែ១ពិន្ទុ។ រីឯ Chelsea នៅលេខ៦ មាន១៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង