×

ក្រោយចាញ់ Bournemouth គ្រូ Arsenal ថា ខ្លួនលេងទាំងពិបាកព្រោះមានគ្នាតែ១០នាក់

គ្រូបង្វឹក Arsenal លោក Mikel Arteta បានអោយដឹងថា ក្រុមរបស់លោកមានភាពពិបាកដែលត្រូវលេងលើទីលានទាំងសល់គ្នាតែ១០នាក់ ក្នុងការប្រកួតចាញ់ Bournemouth នៅក្នុង កាលពីចុងសប្តាហ៍កន្លងទៅ។

ជាការពិត ការប្រកួតក្របខណ្ឌ Premier League 2024-25 សប្តាហ៍ទី៨ ក្រុម Arsenal បានចាញ់ក្រុមម្ចាស់ផ្ទះ Bournemouth ដោយលទ្ធផល ២-០។ ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Dean Court ដំណើរការបាន៣០នាទី ក្រុមកាំភ្លើងធំ ត្រូវសល់គ្នា តែ១០នាក់ ក្រោយពីខ្សែការពារ William Saliba ទទួលការពិន័យកាតក្រហម ដោយសារការបង្កកំហុសលើកីឡាករ Evanilson ប៉ុន្តែវគ្គទី១ បញ្ចប់ដោយលទ្ធផល ០-០។

ចូលមកដល់វគ្គទី ២ Arsenal បានរងការគាបសង្កត់ពីគូប្រជែងរបស់ខ្លួន ហើយក៏របូត១គ្រាប់ដោយការស៊ុតពី Ryan Christie។ រំលងពីនោះតែជាង៩នាទី ក្រុមកាំភ្លើងធំក៏របូតគ្រាប់ទី២ ដោយកីឡាករម្ចាស់ផ្ទះ Justin Kluivert បានទាត់បាល់ពិន័យ១១ម៉ែត្រ បញ្ចូលទីបានសម្រេច ដោយបាល់ពិន័យនេះ បានមកពី David Raya បង្កកំហុសលើ Evanilson ។ Arsenal មិនមានឱកាសរកគ្រាប់មកវិញទេ ខណៈ Bournemouth ក៏មិនអាចស៊ុតបាល់បានជាបន្តដូចគ្នា ទើបលទ្ធផល Arsenal ០ Bournemouth ២ បានបន្តដល់ចប់ការប្រកួត។

យ៉ាងណា ការប្រកួតដ៏តានតឹងនេះត្រូវបានលោក Miket Arteta គ្រូបង្វឹក Arsenal យល់ថា កីឡាករខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែក្រុមពិតជាមានភាពពិបាកខ្លាំង ដោយសារមានគ្នាតែ១០នាក់លើទីលាន។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងដូច្នេះ “វាពិតជាពិបាកណាស់ ប្រសិនបើយើងចង់ឈ្នះការប្រកួត Premier League ទាំងដែលកីឡាករមានគ្នាតែ១០នាក់ ហើយត្រូវលេង ៦០ ទៅ ៧០នាទីឯណោះ។ ប៉ុន្តែកីឡាករខ្ញុំបានឆ្លងកាត់រឿងរ៉ាវទាំងនេះ ហើយពួកគេនៅតែប្រឹងប្រែងយ៉ាងខ្លាំង។”

Arsenal បានស្គាល់ការបរាជ័យដំបូងរបស់ខ្លួន បន្ទាប់ពីមិនចាញ់ការប្រកួត៧ប្រកួតកន្លងមក។ យ៉ាងណា ពួកគេនៅឈរលេខ៣ ក្នុងតារាងពិន្ទុ ដោយមាន ១៧ពិន្ទុ ស្មើពិន្ទុក្រុមលេខ៤ Aston Villa និងតិចជាង៣ពិន្ទុពីក្រុមលេខ២ Man City ៣ពិន្ទុ និងតិចជាង៤ពិន្ទុពីក្រុមកំពូលតារាង Liverpool។ រីឯ Bournemouth នៅលេខ១០មាន១១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង