គ្រូបង្វឹក Man UTD លោក Erik ten Hag បាននិយាយថា ក្រុមបិសាចក្រហមរបស់លោកបានបង្ហាញការរួបរួមគ្នាវិញហើយ ក្រោយពីបានយកឈ្នះ Brentford ដោយលទ្ធផល ២-១ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
ជាការពិត បើទោះបីជាកំពុងមានសម្ពាធទៅលើការកាន់តំណែងរបស់ខ្លួននៅ Man UTD ក្តី ប៉ុន្តែ លោក Erik ten Hag នៅតែបន្តការដឹកនាំរបស់ខ្លួនជាធម្មតា ។ ថ្នាក់ដឹកនាំមួយចំនួន មានការមិនពេញចិត្តអំពីលទ្ធផលមិនល្អជាបន្តបន្ទាប់របស់លោក Erik ten Hag ខណៈថ្នាក់ដឹកនាំខ្លះទៀត នៅចង់ផ្តល់ឱកាសដល់រូបលោកសិន។ ការប្រកួតប៉ុន្មានប្រកួតចុងក្រោយ នឹងក្លាយជាការសម្រេចជោគវាសនា របស់បុរសជនជាតិហូឡង់ នៅទឹកដី Old Trafford។ ប៉ុន្តែ លោក Erik ten Hag ក៏បានបង្ហាញពីភាពល្អប្រសើរឡើងវិញ តាមរយៈការយកឈ្នះ Brentford។
ជាក់ស្តែង បើទោះជាត្រូវបានក្រុមភ្ញៀវ Brentford នាំមុខមុននៅវគ្គទី១ ដោយគ្រាប់បាល់របស់ Ethan Pinnock ប៉ុន្តែ Man UTD បានវាយបកយកឈ្នះវិញនៅវគ្គទី២ ដោយគ្រាប់របស់ Alejandro Garnacho និង Rasmus Højlund ហើយក៏ដើម្បីបញ្ចប់ការរកគ្រាប់បាល់មិនបានរបស់ Man UTD នៅក្នុងការប្រកួត Premier League ចំនួន៣ប្រកួតមកហើយ។
ជ័យជំនះនេះដែរ បានធ្វើអោយ លោក Erik ten Hag បានបង្ហាញពីភាពសប្បាយរីករាយ និងថាការឈ្នះគឺបានមកពី ការរួបរួមគ្នារបស់ក្រុមឡើងវិញ។
គ្រូបង្វឹកវ័យ ៥៤ឆ្នាំ បានអោយដឹងដូច្នេះថា “ការប្រកួតមួយនេះ គឺជាការប្រកួតដ៏ល្អមួយ ដែលបានបង្ហាញថា ក្រុម Man UTD មានការរួបរួមគ្នា ហើយតស៊ូក្នុងការប្រកួតរហូតទទួលជ័យជំនះ។ យើងបានបង្ហាញពីការតាំងចិត្ត ហើយយើងបានស៊ុតបាល់បញ្ចូលទី២ គ្រាប់យ៉ាងស្អាត។ បែបនេះក្តីយើងនៅតែសម្ពាធតែយើងតាំងចិត្តប្រឹងប្រែងយកឈ្នះការប្រកួតជាបន្ត។”
ជ័យជំនះនេះបានធ្វើអោយ Man UTD ឡើងមកឈរលេខ១១ ជាបណ្តោះអាសន្ន ក្នុងតារាងពិន្ទុ សម្រាប់ការប្រកួតសប្តាហ៍ទី៨ ដោយមាន ១១ពិន្ទុ ពីលើ Nottingham Forest ១ពិន្ទុ តែ Nottingham Forest លេងយឺតជាង១ប្រកួត។ រីឯ Brentford នៅលេខ១៣មាន ១០ពិន្ទុ៕