ក្លិប Liverpool ត្រូវបានគេរាយការណ៍ថាបង្ហាញចំណាប់អារម្មណ៍លើការផ្ទេរខ្សែការពារ Jules Kounde របស់ Barcelona នៅទីផ្សារដោះដូរកីឡាករខែមករា ខណៈកីឡាករសញ្ជាតិបារាំងរូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយការផ្លាស់ទៅក្លិប Chelsea ។
Jules Kounde គឺជាកីឡាករសំខាន់សម្រាប់ Barcelona ដោយបង្ហាញពីគុណផលដ៏អស្ចារ្យមិនថានៅតំបន់កណ្តាល ឬ តំបន់ខាងស្តាំ ហើយសមត្ថភាពបត់បែនរបស់គេនេះហើយ ដែលបានទាក់ទាញក្រសែភ្នែកពីក្លិបធំៗ Liverpool និង Chelsea ។
ទោះយ៉ាងណា Barcelona អាចនឹងលក់កីឡាករវ័យ២៥ឆ្នាំចេញ ហើយរំពឹងនាំយកខ្សែការពារ Loic Bade ពី Sevilla មកវិញ។
Liverpool ចង់បានកីឡាករមួយរូប ហើយ Jules Kounde ស្ថិតក្នុងបញ្ជីរបស់ពួកគេ ប៉ុន្តែ Chelsea វិញត្រូវបានជឿថា ជាអ្នកសមនឹងទទួលបានកីឡាកររូបនេះ ក្នុងកិច្ចព្រមព្រៀងដ៏មានសក្តានុពល ៦០លានអឺរ៉ូ។
ការចង់បាន Jules Kounde របស់ Liverpool នេះ គឺក្នុងករណីដែលខ្សែការពារ Virgil van Dijk មិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកុងត្រាថ្មីបាន បើទោះជាការចរចាជាផ្លូវការ បានចាប់ផ្តើមហើយក្តី ដូច្នេះ Kounde អាចជម្រើសដ៏ល្អ។
សម្រាប់ Chelsea វិញ ការបន្ថែម Jules Kounde ទៅក្នុងក្រុមរបស់ពួកគេអាចនឹងធ្វើអោយមានភាពល្អប្រសើរឡើងរួមជាមួយវត្តមានរបស់ Benoit Badiashile និង Axel Disasi ក្នុងតំបន់ការពារកណ្តាល។
សមត្ថភាពរបស់ Jules Kounde ក្នុងការលេងខ្សែការពារស្តាំក៏អាចមានប្រយោជន៍ផងដែរ សម្រាប់ក្រុមតោខៀវ ដោយសារតែ Reece James មានបញ្ហាជាច្រើនជាមួយនឹងការរងរបួសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕