យោងតាមសារពត៌មាន Football Insider បានអោយដឹងថា ខ្សែការពារ Harry Maguire កំពុងរង់ចាំមើលពីភាពច្បាស់លាស់នៃតំណែងគ្រូបង្វឹករបស់ខ្លួនសិន មុនពេលរូបគេធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនជាមួយ Man UTD ។
កីឡាករអង់គ្លេស បានឈានដល់រយៈពេលចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន ជាមួយក្លិបបិសាចក្រហម ហើយរូបគេមិនទាន់បង្ហើបពីបំណងចរចាកិច្ចសន្យាថ្មីនោះឡើយ។
Harry Maguire កំពុងទន្ទឹងរង់ចាំមើលពីតំណែងគ្រូបង្វឹក Man UTD ថា តើលោក Erik ten Hag នៅអាចរក្សាតំណែងរបស់ខ្លួននៅទឹកដី Old Trafford ឬក៏នឹងមានគ្រូបង្វឹកថ្មី មកជំនួស។
លោក Erik ten Hag ត្រូវបានផ្សារភ្ជាប់ទៅនឹងការចាកចេញពី Man UTD ដោយសារការដឹកនាំមិនបានល្អរបស់លោកនៅរដូវកាលនេះ។
ក្រុមបិសាចក្រហមបច្ចុប្បន្ន កំពុងឈរលេខ ១២ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន១១ពិន្ទុ ក្រោយឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៣ ស្មើ ២ ចាញ់៣ ដែលជាលទ្ធផលដ៏គួរអោយខកចិត្តរបស់ក្រុម។
មានបេក្ខភាពគ្រូបង្វឹកជាច្រើនរូបត្រូវបានលើកឡើង ក្នុងការចូលមកដឹកនាំ Man UTD ហើយភាពមិនច្បាស់លាស់អំពីតំណែងគ្រូបង្វឹកនេះហើយ ដែលធ្វើអោយ Harry Maguire មិនទាន់ហ៊ានសម្រេចចិត្តអំពីអនាគតខ្លួនជាមួយក្លិបបិសាចក្រហមទេ។
កីឡាករវ័យ៣១ឆ្នាំបានបាត់បង់កៅអីជម្រើសដំបូងរបស់ខ្លួននៅក្នុងរដូវកាលនេះ ទៅអោយ Lisandro Martinez និង Matthijs de Ligt ប៉ុន្តែក្រោយការរកគ្រាប់បាល់បញ្ចូលទីតាមស្មើ FC Porto នៅក្នុងការប្រកួត UEFA Europa League រួចមក រូបគេក៏ត្រូវបញ្ចូលទៅក្នុងសមាសភាពដំបូងឡើងវិញ ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ Aston Villa ០-០។ Maguire តែងតែរងការរិះគន់ចំពោះទម្រង់ជាមួយ Man UTD ប៉ុន្តែរូបគេគឺជាជម្រើសខ្សែការពារដ៏ល្អមួយរូប ហើយបទពិសោធន៍របស់គេបានជួយក្រុមក្នុងស្ថានភាពដ៏លំបាក។
មានការរាយការណ៍ដែរថា ប្រសិនបើ Maguire ចង់បានកន្លែងជាក់លាក់មួយក្នុងក្រុមជម្រើសដំបូង នោះការផ្លាស់ចេញពី Man UTD គឺជាអ្វីដែលគេត្រូវការក្នុងដំណាក់កាលនេះ។ មិនថា គ្រូបង្វឹកលោក Ten Hag ឬគ្រូបង្វឹកផ្សេងទៀតដែលមានសក្តានុពលនៅ Man UTD ទេ Harry Maguire នឹងត្រូវបានប្រើប្រាស់ជាជម្រើសបម្រុងប៉ុណ្ណោះ។ បច្ចុប្បន្ន Maguire អវត្តមានដោយសាររបួស ហើយគេរំពឹងថានឹងត្រលប់មកវិញសម្រាប់ Man UTD នាពេលឆាប់ៗ៕