មានការរាយការណ៍មកថា ក្លិបនៅក្របខណ្ឌ Premier League ចំនួន ៥ បានដាក់ការចាប់អារម្មណ៍ និង ត្រៀមប្រជែងគ្នា ដើម្បីនាំយកខ្សែប្រយុទ្ធ Randal Kolo Muani ពីក្លិបបារាំង Paris Saint Germain។
ជាក់ស្តែង ក្លិបដែលលេងនៅលីគកំពូលអង់គ្លេសទាំង៤ ដែលកំពុងចង់ផ្ទេរយក កីឡាករវ័យ២៥ឆ្នាំនេះ មានក្លិប Arsenal, Aston Villa, Chelsea, Newcastle United និង Manchester United ដោយពួកគេកំពុងរៀបចំសំណើរៀងខ្លួន ដើម្បីចរចាជាមួយ ក្លិប Paris Saint Germain នៅទីផ្សារដោះដូរកីឡាករដែលនឹងបើកឡើងវិញនៅខែមករាខាងមុខ។
Randal Kolo Muani បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Eintracht Frankfurt មកចូលរួមក្លិប Paris Saint Germain កាលពីឆ្នាំ២០២៣ជាមួយតម្លៃផ្ទេរ ៧០លានផោន។ មកទល់ពេលនេះរូបគេបានបង្ហាញខ្លួន ៤៩ប្រកួត ស៊ុតបាន១១គ្រាប់ គ្រប់កម្មវិធី អោយ Paris Saint Germain។
កីឡាករបារាំងរូបនេះ ត្រូវបានក្លិបនៅ Premier League មើលឃើញពីទេពកោសល្យ ពិសេសរបស់គេនៅលើទីលាន ហើយចង់នាំយករូបគេមកពង្រឹងក្រុមរៀងខ្លួន។
យ៉ាងណា ក្នុងចំណោមក្លិបទាំង៥ នោះ ក្លិប Newcastle United ជាក្លិបដែលបង្ហាញការចាប់អារម្មណ៍ Randal Kolo Muani ខ្លាំងជាងគេ ដ្បិតពួកគេចង់បានកីឡាកររូបនេះមកជួយក្រុមអោយ បានឆាប់ៗ ទាំងការប្រកួតនៅក្របខណ្ឌ Premier League និង ការប្រកួតនៅពានរង្វាន់ UEFA Champions League ផងដែរ។
សម្រាប់ក្លិប Paris Saint Germain វិញ ក៏មានបំណងចង់បញ្ចេញកីឡាករបារាំងផងដែរ ដោយក្លិបយល់ថា សមត្ថភាពរបស់គេមិនទាន់ស័ក្កសមជាមួយទម្រង់របស់ក្លិបក្នុងការប្រកួតនៅក្របខណ្ឌ Ligue 1 ហើយការលក់រូបគេ នឹងធ្វើអោយក្លិបមានឱកាសក្នុងការអភិវឌ្ឈគម្រោងផ្សេងៗទៀត៕