×

ខ្សែការពារ Virgil van Dijk ចាប់ផ្តើមពិភាក្សាកុងត្រាថ្មីផ្លូវការជាមួយ Liverpool

ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បាននិយាយថា ការពិភាក្សាជាផ្លូវការទៅលើការបន្តកុងត្រាថ្មីជាមួយក្លិបហង្សក្រហមបានចាប់ផ្តើមហើយ។

កិច្ចសន្យាបច្ចុប្បន្នរបស់ កីឡាករហូឡង់ ជាមួយក្លិប Liverpool នឹងផុតសុពលភាពនៅនៅចុងបញ្ចប់នៃរដូវកាលនេះ។

Virgil van Dijk បានចូលរួមជាមួយក្លិបនាតំបន់ Merseyside ដោយផ្លាស់ពីក្លិប Southampton ក្នុងឆ្នាំ ២០១៨ ហើយចាប់តាំងពីពេលនោះមក រូបគេបានជួយក្លិបហង្សក្រហមអោយឈ្នះពានរង្វាន់ធំៗដូចជា ពានរង្វាន់ Premier League ១ដង, UEFA Champions League ១ដង, UEFA Super Cup ១ដង និង FIFA Club World Cup ១ដង ហើយនិងពានរង្វាន់ក្នុងស្រុកដូចជា EFL Cup ចំនួន២ដង, FA Cup ១ដង និង FA Community Shield ១ដងផងដែរ។

ជុំវិញការបង្ហើបពីការពិភាក្សាលើការបន្តកុងត្រាថ្មីនេះដែរ កីឡាករវ័យ៣៣ឆ្នាំ បានអោយដឹងដូច្នេះ “ខ្ញុំអាចនិយាយបានយ៉ាងច្បាស់ថា ការពិភាក្សាកំពុងបន្ត ប៉ុន្តែខ្ញុំមិនដឹងទេ យើងនឹងឃើញអ្វីដែលកើតឡើងនាពេលអនាគត។”

Virgil van Dijk បន្តថា “ការផ្តោតអារម្មណ៍ទាំងស្រុងរបស់ខ្ញុំគឺទៅលើ Liverpool ដោយចង់ឈ្នះការប្រកួតដែលនៅពីមុខខ្ញុំ ហើយគ្មានអ្វីផ្សេងទៀតទេ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ទាំងរាងកាយ ផ្លូវចិត្ត ហើយខ្ញុំកំពុងរីករាយ ការប្តេជ្ញាចិត្តពេញលេញគឺជាមួយ Liverpool ដើម្បីទទួលបានជោគជ័យក្នុងរដូវកាលនេះ។”

ដោយឡែក គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយកាលពីខែសីហាថា កីឡាករវ័យចំណាស់ដូចជា Van Dijk ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah និងខ្សែការពារអង់គ្លេស Trent Alexander-Arnold ដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ពួកគេ ត្រូវតែទទួលបានកិច្ចព្រមព្រៀងថ្មីនាពេលអនាគត ។

គ្រូបង្វឹកសញ្ជាតិហូឡង់ដែលកំពុងដឹកនាំរដូវកាលដំបូងរបស់ខ្លួននៅកីឡដ្ឋាន Anfield បានបន្ថែមថាការបន្តកិច្ចសន្យាណាមួយនឹងអាស្រ័យលើការអនុវត្តន៍របស់ពួកគេក្នុងយុទ្ធនាការបច្ចុប្បន្ន។ Liverpool នាំមុខមួយពិន្ទុលើក្រុម Manchester City បន្ទាប់ពីការប្រកួតចំនួន៨ នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង