×

ទោះបានឈ្នះ Shakhtar Donetsk តែគ្រូ Arsenal ថា កីឡាករលេងដោយខ្វះឆន្ទៈ

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា លោកមានការសប្បាយចិត្ត ដែលក្រុមបានឈ្នះការប្រកួតទល់នឹង Shakhtar Donetsk ប៉ុន្តែលោកសង្កេតឃើញថា កីឡាករក្រុមកាំភ្លើងធំហាក់លេងដោយខ្វះឆន្ទៈទៅវិញ។

ជាការពិត ការប្រកួតលើកទី៣នៃពានរង្វាន់ UEFA Champions League វគ្គ League Phase រវាងក្រុម Arsenal និង Shakhtar Donetsk ដែលធ្វើឡើងនាកីឡដ្ឋាន Emirates កាលពីយប់មិញ គឺក្រុមម្ចាស់ផ្ទះ Arsenal ជាអ្នកទទួលបានជ័យជំនះដោយលទ្ធផល ១-០។

ការប្រកួតនោះ ក្រុមទាំង ២ មានការវាយសម្រុកដាក់គ្នាខ្លាំងដែរនៅវគ្គទី១ ប៉ុន្តែក្នុងនោះ Arsenal ជាអ្នករកគ្រាប់បាល់នាំមុខបានមុនដោយ បាល់ចូលទីខ្លួនឯងរបស់កីឡាករ Dmytro Riznyk នៅនាទី២៩ ដោយវគ្គទី១មានបាល់ចូលទីតែ១លើកនេះ។

នៅក្នុងវគ្គទី២ ការវាយសម្រុកពីសំណាក់កីឡាករក្រុមទាំងសងខាងនៅតែមានភាពសស្រាក់សស្រាំដដែល ប៉ុន្តែមិនមានគ្រាប់បាល់ត្រូវទាត់បញ្ចូលទីទៀតទេ ដោយលទ្ធផលចប់ការប្រកួតគឺ Arsenal ១ Shakhtar Donetsk ០។

ក្រោយចប់ការប្រកួតនោះ លោក Mikel Arteta បានបង្ហាញពីភាពសប្បាយចិត្តដែលបានឈ្នះ ប៉ុន្តែលោកក៏បានបង្ហាញពីកំហុសឆ្គងរបស់កីឡាករ ដូចជាការលេងដោយខ្វះឆន្ទៈ ខ្វះភាពមុតស្រួច ក្នុងការសម្រេចទីទៅវិញ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានអោយដឹងថា “ នៅវគ្គទី១យើងលេងបានល្អហើយ ដោយអាចគ្រប់គ្រងការប្រកួតបាន ប៉ុន្តែចូលទៅដល់វគ្គទី២ យើងបែរជាបណ្តោយអោយឱកាសល្អៗជាច្រើនរបូតពីដៃ។ ខ្ញុំមើលឃើញថា យើងហាក់ដូចជាមិនមានឆន្ទៈលេងចង់ឈ្នះទៀតទេ យើងលេងដោយខ្វះភាពមុតស្រួត ហើយនោះជាបញ្ហាដែលយើងត្រូវដោះស្រាយ មុនការប្រកួតផ្សេងៗចូលមកដល់។”

ឆ្លងកាត់៣ប្រកួតក្នុងពានរង្វាន់ UEFA Champions League វគ្គ League Phase នេះ Arsenal មិនទាន់ចាញ់ទេ ដោយឈ្នះ២ ស្មើ១ មាន ៧ពិន្ទុ ឈរលេខ៤ រីឯ Shakhtar Donetsk ៣ ប្រកួតមិនទាន់ឈ្នះទេ គឺស្មើ ១ ចាញ់២ មាន១ ពិន្ទុ ឈរលេខ២៨៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង