ខ្សែបម្រើ Anthony Gordon បានបន្តកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លិប Newcastle United។ នេះបើតាមការប្រកាសអោយដឹងពីសារព័ត៌មាន BBC។
កីឡាករអង់គ្លេស បានស៊ុតបញ្ចូលទី ១៥គ្រាប់ និង ចែកបាល់សម្រេចទី ១១ ដង ក្នុងការបង្ហាញខ្លួន ៧៤ប្រកួត ចាប់តាំងពីមកចូលរួម Newcastle United ដោយផ្លាស់ពី Everton កាលពីខែមករាឆ្នាំ២០២៣ តម្លៃ ៤៥លានផោន។
កន្លងទៅ Anthony Gordon ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅកាន់ Liverpool ដែលជាក្លិបរូបគេបានហ្វឹកហាត់ជាមួយកាលពីកុមារភាព។ យ៉ាងណាមិញ ពេលនេះ Newcastle United បានបញ្ចប់ការផ្សព្វផ្សាយទាំងនោះ ដោយការចុះកិច្ចសន្យាថ្មីជាមួយរូបគេ។
ជុំវិញការទទួលបានកិច្ចសន្យាថ្មីនេះដែរ កីឡាករវ័យ២៣ឆ្នាំ បានបង្ហាញពីអារម្មណ៍រំភើបរីករាយរបស់ខ្លួនដូច្នេះថា “ ខ្ញុំគិតថា Newcastle United ជាក្លិបដ៏ត្រឹមត្រូវបំផុតសម្រាប់ខ្ញុំ។ ខ្ញុំបានអភិវឌ្ឈន៍ខ្លួន ហើយខ្ញុំពិតជាស្រឡាញ់ក្លិប។ ខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាពក្នុងការជួយក្លិបទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ។”
ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ នេះ Anthony Gordon បានបង្ហាញខ្លួន ៧ប្រកួតដំបូង និង បានស៊ុតបញ្ចូលទី២គ្រាប់ផងដែរ អោយ Newcastle United។
ដោយឡែក Newcastle United បច្ចុប្បន្ន មាន១២ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួត ឈ្នះ៣ ស្មើ៣ ចាញ់២ និងកំពុងឈរលេខ៩ក្នុងតារាងពិន្ទុ។ ការប្រកួត Premier League ជាបន្ត Newcastle United នឹងត្រូវធ្វើដំណើរទៅកីឡដ្ឋាន Stamford Bridge ដើម្បីជួបក្រុម Chelsea ដែលការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅចុងសប្តាហ៍នេះ៕