×

គ្រូ West Ham អាចរបូតតំណែងដោយសារទង្វើរបស់ខ្សែបម្រើ Mohammed Kudus

ប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស បានអោយដឹងថា បន្ទាប់ពីការបាត់បង់ការគ្រប់គ្រងដ៏មិនគួរអោយជឿរបស់ខ្សែបម្រើ Mohammed Kudus ក្នុងការប្រកួតចាញ់ Tottenham Hotspur ៤-១ នោះ គ្រូបង្វឹក West Ham លោក Julen Lopetegui អាចនឹងត្រូវបណ្តេញចេញពីតំណែង។

ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ដែលធ្វើឡើងនាកីឡដ្ឋាន Tottenham Hotspur Stadium កីឡាករហ្កាណាវ័យ២៤ឆ្នាំ ដែលជាអ្នករកគ្រាប់បើកឆាក អោយ West Ham បានមានបញ្ហាជម្លោះ និងប្រើប្រាស់កម្លាំងបាយ ជាមួយកីឡាករ Tottenham Hotspur ចំនួន៣រូប ដូចជា Micky van de Ven, Pape Matar Sarr និង Richarlison ផងដែរ។

Mohammed Kudus ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ហើយរូបគេនឹងត្រូវខកខានការប្រកួត ៣ ប្រកួត បន្ទាប់សម្រាប់ West Ham ។ មានរបាយការណ៍ដែលបានផ្តល់ការវិភាគរួចហើយអំពីចំនួនការប្រកួតដែល លោក Lopetegui ត្រូវតស៊ូព្យាយាមដើម្បីរក្សាតំណែងរបស់ខ្លួន នៅ West Ham ។ West Ham មានលទ្ធផលមិនសូវល្អឡើយ ក្នុងការប្រកួតនៅលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយ ៨ ប្រកួតកន្លងមក ពួកគេឈ្នះតែ ២ ស្មើ ២ ចាញ់៤ មាន៨ពិន្ទុ កំពុងឈរលេខ១៥ក្នុងតារាងពិន្ទុ។ បន្ថែមពីនេះ ការបរាជ័យក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់ កីឡាករ ដូចជាបញ្ហារបស់ Mohammed Kudus បានធ្វើអោយថ្នាក់ដឹកនាំក្លិប West Ham ពិនិត្យមើលឡើងវិញ អំពីសមត្ថភាពក្នុងការដឹកនាំក្លិបរបស់លោក Julen Lopetegui។

សារពត៌មាននៅអង់គ្លេសបង្ហើបថា អ្វីៗហាក់ដូចជាអាក្រក់ទៅៗ សម្រាប់គ្រូបង្វឹកជនជាតិអេស្ប៉ាញ ដែលអាចនាំអោយរូបលោករបូតតំណែងនៅកីឡដ្ឋាន London Stadium។ ទំនុកចិត្តទៅលើលោក Julen Lopetegui កាន់តែត្រូវកាត់បន្ថយ ហើយប្រសិនបើ West Ham មិនអាចទទួលបានពិន្ទុបន្ថែមមកវិញទេ នោះក្រុមប្រឹក្សាភិបាលរបស់ក្លិប នឹងធ្វើការប្រជុំគ្នាក្នុងរយៈពេល២ ឬ ៣ សប្តាហ៍ខាងមុខ អំពីតំណែងរបស់លោក Lopetegui ។

ទោះយ៉ាងណា ក៏មានការលើកឡើងថា ក្លិបនឹងផ្តល់ឱកាសដល់គ្រូបង្វឹកវ័យ ៥៨ឆ្នាំ ដើម្បីកែប្រែតំបន់មួយចំនួនរបស់ក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករដ៏មមាញឹកនៅខែមករា ខាងមុខ ហើយនោះជាពេលវេលា ដែលលោក Julen Lopetegui ត្រូវតែប្រឹងប្រែងដោះស្រាយដើម្បីរក្សាការងាររបស់លោកជាមួយក្លិប West Ham តទៅទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង