×

Chelsea ចាប់អារម្មណ៍ចង់បានខ្សែការពារ Ruben Dias ពី Man City

ក្លិប Chelsea កំពុងមានមហិច្ឆតា ក្នុងការនាំយកខ្សែការពារ Ruben Dias ពីក្លិប Man City។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Caught Offside។

កីឡាករព័រទុយហ្កាល់ គឺជាកីឡាករសំខាន់របស់ Man City ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ យ៉ាងណាមិញ ថ្មីៗនេះរូបគេហាក់មានភាពមិនដាច់ស្រឡះខ្លះៗជាមួយក្លិបមេឃខៀវ ដែលអាចផ្តល់ឱកាសអោយ Chelsea ធ្វើការចែចូវជាមួយគេបាន។

ទោះបីជាក្រុមរបស់គ្រូបង្វឹក លោក Pep Guardiola នៅតែស្ថិតក្នុងទម្រង់លេងដ៏ល្អនៅលើទីលានក្តី ប៉ុន្តែក៏មានបញ្ហាក្រៅទីលាន ដូចជាការស៊ើបអង្កេតលើការចោទប្រកាន់ចំនួន ១១៥ ករណី ប្រឆាំងនឹងក្លិប Man City ។

បន្ថែមពីនេះ ការចាកចេញរបស់នាយកផ្នែកកីឡា ដ៏មានឥទ្ធិពលរបស់ក្លិប លោក Txiki Begiristain នៅដំណាច់រដូវកាលនេះ ហើយសូម្បីតែអនាគតរបស់លោក Guardiola មើលទៅមិនទាន់ច្បាស់លាស់ នៅពេលដែលរូបលោកកាន់តែខិតជិតដល់រយៈពេលចុងក្រោយនៃកិច្ចសន្យានៅទឹកដី Etihad ដែលបានបង្កជាការរំខានដល់កីឡាករមួយចំនួន រួមទាំង Ruben Dias ផងដែរ។ Chelsea អាចនឹងប្រើប្រាស់ពេលវេលានេះ ក្នុងការចរចាជាមួយកីឡាករវ័យ២៧ឆ្នាំក្នុងបំណងអូសទាញរូបគេមកកាន់ទឹកដី Stamford Bridge។

ប្រភពពីខាងដើមអះអាងថា គម្រោង Chelsea អាចជារឿងដ៏ទាក់ទាញមួយ ហើយ Ruben Dias អាចចូលមកកាន់ក្រុមតោខៀវក្នុងនាមជាកីឡាករដែលមានបទពិសោធន៍ច្រើនជាងគេ នៅក្នុងក្រុមនេះ។ បច្ចុប្បន្ន Chelsea ពិតជាត្រូវការ កីឡាករដែលមានភាពជាអ្នកដឹកនាំ មានបទពិសោធច្រើន បន្ទាប់ពីការចាកចេញរបស់ Thiago Silva នៅរដូវក្តៅ ដូច្នេះប្រសិនបើពួកគេអាចនាំយក Ruben Dias មករួមក្រុមបានសម្រេច នោះវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ។

Ruben Dias បានឈ្នះពានរង្វាន់ Premier League ចំនួនប៤ដងក្នុងអំឡុងពេលលេងជាមួយ Man City ហើយប្រសិនបើរូបគេអាចនាំយកចំណេះដឹងនៃការឈ្នះបែបនេះទៅកាន់ Chelsea នោះវាអាចជាការជំរុញពិតប្រាកដសម្រាប់ក្រុមតោខៀវ ខណៈដែលពួកគេចង់ត្រលប់ទៅជាក្រុមជើងខ្លាំងក្នុងការប្រកួតប្រជែងពានរង្វាន់ជាមួយក្លិបដទៃ និង បានឈ្នះពានរង្វាន់នានាសាជាថ្មីម្តងទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង