
អតីតគ្រូបង្វឹកក្លិប Barcelona លោក Xavi Hernandez កំពុងក្លាយជាគោលដៅចម្បងរបស់ក្លិប Man UTD ប្រសិនបើក្លិបសម្រេចចិត្តបណ្តេញលោក Erik ten Hag ចេញពីតំណែង។
Man UTD ក្រោមការដឹកនាំរបស់លោក Erik ten Hag កំពុងមានការប្រកួតប្រជែងរដូវកាលយ៉ាងលំបាក។ ក្រុមបិសាចក្រហម បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី១២ នៅ តារាងក្របខណ្ឌ Premier League ក្រោយឆ្លងកាត់៨ប្រកួតដោយ ឈ្នះ៣ ស្មើ២ និងចាញ់៣ ។ លទ្ធផលមិនសូវល្អជាបន្តបន្ទាប់របស់លោក Erik ten Hag បានធ្វើអោយថ្នាក់ដឹកនាំក្លិប កាន់តែលែងមានទំនុកចិត្តចំពោះរូបលោកតទៅទៀត បើទោះបីជាចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់លើការទិញកីឡាករជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែបែរជាមិនបានសមិទ្ធិផលដូចការរំពឹងទុកទៅវិញ។
ទោះយ៉ាងណាក៏មានការលើកឡើងថា Man UTD បានបដិសេធបង្ហើបគម្រោងអំពីអនាគតគ្រូបង្វឹករបស់ខ្លួន ហើយលោក Erik ten Hag នៅតែបន្តជាគ្រូបង្វឹក នឹងត្រៀមដឹកនាំក្លិបសម្រាប់ការប្រកួត UEFA Europa League ទល់នឹង Fenerbahce នៅពេលឆាប់ៗនេះ។
បែបនេះក្តី ប្រភពពីសារពត៌មាន Daily Mail នៅអង់គ្លេស អោយដឹងថា ក្លិបបិសាចក្រហម បានទាក់ទងលោក Xavi Hernandez ចំនួន២ដងរួចមកហើយ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តួយ៉ាងក្រុមការងារដឹកនាំដោយនាយកប្រតិបត្តិក្លិប Man UTD លោក Omar Berrada បានធ្វើដំណើរទៅទីក្រុង Barcelona ហើយកិច្ចពិភាក្សាជាច្រើនបានកើតឡើងនៅប្រទេសអេស្ប៉ាញ ដោយសារមហាសេដ្ឋីជនជាតិអង់គ្លេស លោក Jim Ratcliffe ដែលជាសហម្ចាស់ក្លិប Man UTD ក៏បាននៅទីនោះ ដើម្បីគាំទ្រផងដែរ។
មានការរំពឹងទុកថា លោក Xavi គឺជាគោលដៅចម្បង ប្រសិនបើលោក Erik ten Hag ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំរយៈពេល២ឆ្នាំកន្លះ នៅទឹកដី Old Trafford។ បើសិនជាលោក Erik ten Hag របូតតំណែង ជំនួយការគ្រូបង្វឹកលោក Ruud van Nistelrooy នឹងកាន់តួនាទីជាគ្រូបង្វឹកជាបណ្តោះអាសន្នសិន ទម្រាំពួកគេអាចរកគ្រូបង្វឹកថ្មីបាន។
សម្រាប់ លោក Xavi ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់ដឹកនាំក្លិបនៅអេស្ប៉ាញ ទៀតនោះទេ ចាប់តាំងពីលាលែងចេញពីតំណែងគ្រូបង្វឹក Barcelona កាលពីខែឧសភា ឆ្នាំ២០២៤ រួចមក៕