×

ខ្សែប្រយុទ្ធ Jamie Gittens ស្ថិតក្នុងបញ្ជីរបស់ Liverpool ទុកជំនួស Mohamed Salah

អនាគតរបស់ខ្សែប្រយុទ្ធ Mohamed Salah នៅក្លិប Liverpool នៅតែមានភាពមិនច្បាស់លាស់នៅឡើយ ហើយប្រសិនបើរូបគេត្រូវចាកចេញពីទឹកដី Anfield នោះ ក្លិបហង្សក្រហមក៏បានសម្លឹងឃើញកីឡាករមួយរូបបន្ថែមទៀតនៅក្នុងបញ្ជីរបស់ពួកគេ ទុកជំនួសកីឡាករអេហ្ស៊ីប គឺខ្សែប្រយុទ្ធ Jamie Gittens របស់ក្លិប Borussia Dortmund ។

មានកីឡាករជាច្រើនរូបហើយ ដែលក្លិប Liverpool កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងបំណងនាំយកមកទុកជំនួស Mohamed Salah ហើយ Jamie Gittens គឺជាកីឡាករថ្មីចុងក្រោយដែលពួកគេសម្លឹងមើលឃើញ។

ជាការពិត Mohamed Salah បានក្លាយជាកីឡាករលេចធ្លោមួយរូបចាប់តាំងពីផ្លាស់ទៅ Liverpool ពី Roma ក្នុងឆ្នាំ ២០១៧ ហើយបានបំបែកកំណត់ត្រាជាច្រើនអោយនៅក្លិបក្របខណ្ឌ Premier League ក្រោយពីរូបគេបានរកគ្រាប់បាល់ ២១៨ គ្រាប់ និងចែកបាល់សម្រេចទី ៩៥ដង ពីការបង្ហាញខ្លួនចំនួន ៣៦១ ប្រកួត។

Salah នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមិនមានព័ត៌មានណាមួយថា ក្លិបនៅតំបន់ Merseyside ជិតនឹងយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងកីឡាករស៊ុតបញ្ចូលទីសំខាន់របស់ពួកគេនោះទេ។ ការពិភាក្សាកំពុងបន្តដើម្បីព្យាយាមរក្សាកីឡាករ វ័យ៣២ឆ្នាំ តែមិនទាន់ច្បាស់ថាតើភាគីទាំងអស់អាចឈានដល់កិច្ចព្រមព្រៀងឬយ៉ាងណា។

ក្លិបអារ៉ាប៊ីសាអូឌីត អាចជាគោលដៅដែលទំនងបំផុតសម្រាប់ Mohamed Salah ប្រសិនបើរូបគេចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ។

ដោយឡែក យោងតាមសារពត៌មាន BILD កីឡាករ Jamie Gittens របស់ក្លិប Borussia Dortmund អាចត្រូវបានក្លិប Liverpool ចរចាចង់បាន បន្ទាប់ពីកីឡាករវ័យ ២០ ឆ្នាំ កំពុងបង្កើនសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួតប្រជែងនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងរដូវកាលនេះ។ Jamie Gittens បានស៊ុតបញ្ចូលទីបានចំនួន ៥ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ៣លើកក្នុងការប្រកួតចំនួន ១១ លើក ។

យ៉ាងណាក្តី ប្រសិនបើ Liverpool ពិតជាចង់ធ្វើការផ្លាស់ប្តូរនាំយក Jamie Gittens មកពិតមែន នោះពួកគេអាចនឹងជួបប្រទះភាពពិបាកខ្លះដែរ ដ្បិតអី ក្លិបគូប្រជែងរួមលីគរបស់ពួកគេគឺក្លិប Chelsea ក៏ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍លើកីឡាករអង់គ្លេសរូបនេះដែរ។ មួយវិញទៀត Borussia Dortmund ក៏នឹងមិនបង្កភាពងាយស្រួលសម្រាប់ក្លិបណាមួយដែលចង់បានកីឡាករសំខាន់របស់ពួកគេនោះទេដោយក្លិបអាចដាក់តម្លៃដ៏ខ្ពស់១០០លានអឺរ៉ូឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង