
ក្លិប Arsenal អាចនឹងមានប្រៀបលើទៅលើក្លិប Barcelona ក្នុងការប្រជែងការផ្ទេរកីឡាករដ៏មានសក្តានុពលសម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Jhon Duran របស់ក្លិប Aston Villa។
កីឡាករអន្តរជាតិកូឡុំប៊ីទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Villa Park ប៉ុន្តែទម្រង់លេងដ៏អស្ចារ្យរបស់គេនៅលើទីលាន បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗនានា ដោយក្នុងនោះមានទាំង Arsenal និង Barcelona។
ក្លិបទាំង២ សុទ្ធតែចាប់អារម្មណ៍លើកីឡាករវ័យ ២០ ឆ្នាំ ទោះបីជាតម្លៃផ្ទេររបស់គេអាចមានតម្លៃខ្ពស់គឺប្រមាណ៩០លានលានអឺរ៉ូក្តី។ តម្លៃដ៏ខ្ពស់នេះមិនចោទជាបញ្ហាសម្រាប់ Arsenal នោះទេ ប៉ុន្តែសម្រាប់ Barcelona វិញ គឺត្រូវការការពិចារណាច្រើនបន្តិច។ ជាក់ស្តែង Barcelona មិនមែនជាក្លិបដែលអាចចំណាយច្រើនក្នុងរយៈពេលថ្មីៗនេះទេ ដោយសារបញ្ហាហិរញ្ញវត្ថុ ដូច្នេះហើយទើបវាអាចផ្តល់អោយក្លិប Arsenal នូវការមានប្រៀបក្នុងការប្រជែងដណ្តើមយក Jhon Duran នោះ។
ការដែល Arsenal សម្លឹងចង់បាន Jhon Duran ព្រោះក្លិបកំពុងមានភាពមិនច្បាស់លាស់ជាមួយនឹងអនាគតរបស់ខ្សែប្រយុទ្ធ Gabriel Jesus។ កីឡាករប្រេស៊ីល កំពុងតស៊ូស្វែងរកឱកាសលេងនៅកីឡដ្ឋាន Emirates ដោយសារមានបញ្ហាកាយសម្បទា និង ការធ្លាក់ទម្រង់លេង។
ដោយសារបែបនេះហើយ មានការជឿថា Gabriel Jesus អាចនឹងមិនមានភាពគង់វង្សជាមួយក្លិបកាំភ្លើងធំនោះទេ ហើយក្លិបក៏មិនចង់ចាយពេលរង់ចាំច្រើនដើម្បីអោយកីឡាករត្រឡប់មករក ភាពខ្លាំងវិញដែរ ដោយការនាំយកកីឡាករវ័យក្មេងមានទេព្យកោសល្យ ដូចជា Jhon Duran គឺជាជម្រើសល្អជាងដែលក្លិបអាចនឹងប្រើប្រាស់។
សម្រាប់ក្លិប Aston Villa វិញ កំពុងមានលទ្ធផលល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Unai Emery រួមជាមួយក្រុមកីឡាកររបស់លោកដោយក្នុងនោះក៏មានវត្តមានរបស់ Jhon Duran ផងដែរ ប៉ុន្តែវានៅតែមិនបញ្ឈប់ក្លិបក្នុងការបញ្ចេញរូបគេនៅទីផ្សារដោះដូរកីឡាករនាពេលខាងមុខនោះទេ ដើម្បីស្វែងរកផលចំណេញទៅអភិវឌ្ឈន៍គម្រោងផ្សេងៗទៀត៕