គ្រូបង្វឹក Man UTD លោក Erik ten Hag បានបង្ហាញជំនឿចិត្តថា ក្រុមរបស់លោកនៅតែមានភាពខ្លាំងគ្រប់គ្រាន់ក្នុងការប្រកួតយកឈ្នះក្រុមទួរគី Fenerbahce បើទោះជាក្រុមបិសាចក្រហមរបស់លោក កំពុងមានបញ្ហាអវត្តមានកីឡាករសំខាន់ៗក្តី។
ជាការពិត Man UTD ដែលមានលោក Erik ten Hag ជាគ្រូបង្វឹកនាពេលបច្ចុប្បន្ន នឹងត្រូវជួបតទល់គ្នានឹងក្រុម Fenerbahce ដែលដឹកនាំដោយអតីតគ្រូបង្វឹក Man UTD លោក Jose Mourinho នៅក្នុងការប្រកួតទី៣នៃពានរង្វាន់ UEFA Europa League វគ្គ League Phase។
ការប្រកួតជិតចូលមកដល់ ប៉ុន្តែ Man UTD ត្រូវបានដឹងថា កំពុងមានបញ្ហាកីឡាករសំខាន់ៗជាច្រើនរូបនឹងអវត្តមាន។ តួយ៉ាង ប្រធានក្រុម ខ្សែបម្រើ Bruno Fernandes មិនអាចចូលលេងបានទេ ដោយសារត្រូវពិន័យ១ប្រកួត ព្រោះតែកាតក្រហមក្នុងជំនួបស្មើគ្នា ៣-៣ ទល់នឹងក្រុម FC Porto ខណៈ Mason Mount កំពុងតស៊ូព្យាបាលបញ្ហារបួសរបស់គេ។
បន្ថែមពីនេះ ខ្សែការពារ Jonny Evans ក៏មិនច្បាស់ថា នឹងអាចចូលលេងដែរ ដោយសារមានបញ្ហារបួស កាលពីការប្រកួតឈ្នះ Brentford ២-១ ក្នុងជំនួបក្របខណ្ឌ Premier League។ កីឡាករផ្សេងទៀតដូចជា Tyrell Malacia, Dan Gore and Toby Collyer, Harry Maguire, Luke Shaw, Leny Yoro, និង Kobbie Mainoo ក៏សុទ្ធតែមានបញ្ហារបួសទាំងអស់។
បែបនេះក្តី លោក Erik ten Hag នៅតែដាក់ការជឿជាក់ទៅលើកីឡាករដែលនៅសល់ក្នុងក្រុមថាពួកគេពិតជាអាចជួយក្រុមទទួលបានលទ្ធផលល្អជាបន្តទៀត។
ទាក់ទិននឹងរឿងនេះ គ្រូបង្វឹកជនជាតិហូឡង់បានអោយដឹងថា “ខ្ញុំត្រូវតែមានការជឿជាក់លើកីឡាកររបស់ខ្ញុំ ថាពួកគេនឹងធ្វើបានល្អ ទោះពេលនេះយើងនឹងអវត្តមានកីឡាករសំខាន់ៗជាច្រើនរូបក៏ដោយ។ ការមានភាពជឿជាក់ទើបធ្វើអោយយើងបង្កើតរឿងអស្ចារ្យបាន ប៉ុន្តែក្រុមរបស់យើងមានភាពល្អប្រសើរឡើងវិញ ហើយយើងបានឆ្លងកាត់ការប្រកួតបានយ៉ាងល្អរួចហើយ។ យើងចង់ឈ្នះគ្រប់ការប្រកួតបន្តទៀត ហើយយើងនឹងព្យាយាមសម្រេចគោលដៅដែលយើងចង់បាននោះ។”
សូមបញ្ជាក់ថា ឆ្លងកាត់២ប្រកួត ពានរង្វាន់ UEFA Europa League វគ្គ League Phase ក្រុម Man UTD មានលទ្ធផល ស្មើគ្នា ទាំង២ដងមាន២ពិន្ទុ និងកំពុងឈរលេខ២១។ រីឯ Fenerbahce មានលទ្ធផល ឈ្នះ ១ ស្មើ១ មាន ៤ពិន្ទុ ឈរលេខ១៤។
ការប្រកួតរវាង Man UTD និង Fenerbahce ក្នុងការប្រកួតទី៣នៃពានរង្វាន់ UEFA Europa League វគ្គ League Phase នឹងធ្វើឡើងនៅយប់នេះ នាកីឡដ្ឋាន Şükrü Saracoğlu Stadium៕