×

គ្រូ Fenerbahçe ថានឹងមិនប្តឹងតវ៉ាចំពោះកាតក្រហមដែលបានទទួលក្នុងជំនួបទល់នឹង Man UTD

គ្រូបង្វឹក Fenerbahçe លោក Jose Mourinho បាននិយាយថា លោកនឹងមិនប្តឹងតវ៉ាចំពោះ ការទទួលបានការពិន័យកាតក្រហម ក្នុងការប្រកួតទល់នឹង Man UTD នៅក្នុងការប្រកួតពានរង្វាន់ UEFA Europa League កាលពីយប់មិញទេ។

ជាការពិត ការប្រកួត UEFA Europa League រវាង ក្រុមម្ចាស់ផ្ទះ Fenerbahçe ទល់នឹងក្រុម Manchester United បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ១-១ ដោយ Christian Eriksen ជាអ្នករកគ្រាប់បាល់សម្រាប់ Man UTD នៅនាទី ១៥ ហើយ Youssef En-Nesyri ជាអ្នករកគ្រាប់បាល់ តាមស្មើអោយ Fenerbahçe នៅនាទី ៤៩។

យ៉ាងណា ការប្រកួតនោះ គ្រូបង្វឹក Fenerbahçe លោក Jose Mourinho បានទទួលការពិន័យកាតក្រហម ដោយសារមានការជជែកយ៉ាងតានតឹងជាមួយមន្ត្រីអាជ្ញាកណ្តាល។ វាមិនមែនជាលើកទី១ឡើយ ដែលបុរសជនជាតិព័រទុយហ្កាល់ បានទទួលការពិន័យបែបនេះ ដោយកាលពីឆ្នាំ២០២៣ លោក Jose Mourinho ក៏ត្រូវបានពិន័យមិនអោយចូលទីលាន៤ប្រកួត ដោយសារការអាកប្បកិរិយ៉ារបស់លោក ពេលដឹកនាំ Roma ចាញ់ Sevilla នៅវគ្គផ្តាច់ព្រ័ត្រEuropa League។

សម្រាប់ការទទួលកាតក្រហមនេះ លោក Jose Mourinho ក៏បានអះអាងថា លោកនឹងមិនប្តឹងតវ៉ាទៀតដែរ ព្រោះមិនចង់ជាប់ពិន័យបន្ថែម។

លោក Jose Mourinho បានអោយដឹងក្រោយចប់ការប្រកួតថា “ប្រសិនបើខ្ញុំប្តឹងតវ៉ា នោះ ខ្ញុំអាចនឹងជាប់ពិន័យ៦ខែ។ ខ្ញុំមិនអាចធ្វើអ្វីបានទេ។ វាជារឿងដែលបានដំណើរការដូច្នេះទៅហើយ ហើយបើអនាគតខ្ញុំបានដឹកនាំក្លិបណាមួយដែលមិនបានប្រជែងពានរង្វាន់អឺរ៉ុប នោះខ្ញុំប្រហែលជាមិនជួបរឿងសោកសៅទៀតទេ។”

ឆ្លងកាត់៣ប្រកួត ពានរង្វាន់ UEFA Europa League វគ្គ League Phase ក្រុម Fenerbahçe ឈ្នះ១ ស្មើ២ ដងជាប់គ្នា មាន៥ពិន្ទុ ឈរលេខ១៤ រីឯក្រុម Man UTD មានលទ្ធផល ស្មើគ្នា ទាំង៣ដងមាន៣ពិន្ទុ និងកំពុងបន្តឈរលេខ២១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង