Newcastle United មានភាពខកចិត្តក្នុងការប្រកួតទល់នឹង Chelsea ក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ ដោយសារខ្សែប្រយុទ្ធដ៏សំខាន់របស់ពួកគេគឺ Callum Wilson នឹងត្រូវពន្យាពេលការវិលត្រឡប់មកកាន់ទីលានវិញ ដោយសារមិនទាន់ធូរស្រាលរបួស។
ក្រុមរបស់គ្រូបង្វឹកលោក Eddie Howe បានសង្ឃឹមថា កីឡាករអង់គ្លេសរូបនេះ នឹងអាចមានភាពពេញលេញក្នុងជំនួបដ៏សំខាន់នាកីឡដ្ឋាន Stamford Bridge ប៉ុន្តែក្តីរំពឹងនោះមិនអាចកើតឡើងបានទេ។
សេចក្តីរាយការណព៍ពីសារពត៌មាន Daily Mail អោយដឹងថា Callum Wilson ដែលមានបញ្ហារបួសសាច់ដុំនោះ នឹងមិនអាចបង្ហាញខ្លួនតាមការគ្រោងទុកទល់នឹងការប្រកួតជាមួយ Chelsea ក្នុងការប្រកួតលីគកំពូលអង់គ្លេសចុងសប្តាហ៍នេះ រួមទាំងការប៉ះ Chelsea សាជាថ្មីក្នុងពានរង្វាន់ EFL Cup នាពាក់កណ្តាលសប្តាហ៍ក្រោយ ហើយនិងការប្រកួតទល់ Arsenal នៅ Premier League ចុងសប្តាហ៍បន្ទាប់ថែមទៀត។
Newcastle United ចង់បាន កីឡាករវ័យ៣២ឆ្នាំ បានធូរស្រាលរបួសឆាប់រហ័ស ដើម្បីវិលមកជួយក្រុមវិញ ប៉ុន្តែស្ថានភាពរបស់គេ មិនអាចធ្វើអោយមានការប្រថុយប្រថានបាននោះទេ។
Callum Wilson បានមានបញ្ហារបួសតាំងខែឧសភា កន្លងទៅ ហើយរូបគេមិនទាន់បានបង្ហាញខ្លួនជួយ Newcastle United ឡើយ នៅរដូវកាលថ្មី២០២៤-២៥នេះ ។
វាបានក្លាយជាបញ្ហាធំសម្រាប់ គ្រូបង្វឹក លោក Eddie Howe ដែលត្រូវសម្រេចចិត្តស្វែងរកកីឡាករមកជួយក្រុមបន្ថែម បន្ទាប់ពីក្រុមសារិការព្រៃមួយនេះ មានលទ្ធផលមិនសូវល្អទេ នៅប៉ុន្មានប្រកួតចុងក្រោយ។ ជាក់ស្តែង ៤ប្រកួតចុងក្រោយ Newcastle United មិនទាន់ឈ្នះនោះទេ ដោយស្មើ២ ចាញ់២ ហើយពួកគេកំពុងមាន ១២ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៩។
ទោះបែបនេះក្តី Newcastle United នៅតែមានក្តីរំពឹងថា ពួកគេនឹងប្រឹងប្រែង ធ្វើអោយបានល្អបំផុតក្នុងការប្រកួតទល់នឹង Chelsea និងដើម្បីផ្លាស់ប្តូរស្ថានភាពក្រុមនៅពេលនេះ៕