×

គ្រូ West Ham ទំនងមិនដាក់កីឡាករសំខាន់២រូបក្នុងការប្រកួតទល់នឹង Man UTD

West Ham United កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតក្របខណ្ឌ Premier League ដ៏សំខាន់ជាមួយ Manchester United ដោយគ្រូបង្វឹកលោក Julen Lopetegui ត្រូវបានគេរាយការណ៍ថាកំពុងពិចារណា មិនដាក់កីឡាករសំខាន់២រូបក្នុងការប្រកួតចុងសប្តាហ៍នេះ។

ក្រុមញញួរយក្ស បានចាប់ផ្តើមរដូវកាលមិនល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julen Lopetegui ទោះបីជាបានចំណាយលើសពី ១០០ លានផោនក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅក៏ដោយ។ មកទល់ពេលនេះ ពួកគេឈ្នះតែ២ប្រកួតប៉ុណ្ណោះ ហើយស្មើ២ និងចាញ់៤ ខណៈពួកគេឈរនៅលេខរៀងទី១៥ ក្នុងតារាងដោយមានត្រឹមតែ៨ពិន្ទុ។ ការបរាជ័យចុងក្រោយគឺចាញ់ Tottenham Hotspur ៤-១ កាលពីចុងសប្តាហ៍មុន។ បែបនេះហើយ លោក Julen Lopetegui អាចធ្វើការផ្លាស់ប្តូរដ៏សំខាន់ចំពោះ West Ham សម្រាប់ការប្រកួតទល់នឹង Manchester United។

សម្ពាធកំពុងកើនឡើងទៅលើលោក Lopetegui ដើម្បីស្តារទម្រង់លេងនិងស្ថានការណ៍ក្រុម គ្រូបង្វឹករូបនេះកំពុងសញ្ជឹងគិតអំពីដកកីឡាករសំខាន់២រូបគឺ Lucas Paqueta និង Alphonse Areola ក្នុងគោលបំណងជំរុញអោយមានការផ្លាស់ប្តូរអោយបានច្រើន។ កីឡាករទាំងពីរ មានសារៈសំខាន់ចំពោះការប្រកួតរបស់ West Ham នាពេលកន្លងមក ហើយការសម្រេចចិត្តនេះបានក្លាយជាការផ្លាស់ប្តូរដ៏គួរអោយភ្ញាក់ផ្អើល មិនបានរំពឹងទុក។

Lucas Paqueta ត្រូវបានប្តូរចេញនៅនាទី ៦០ ក្នុងអំឡុងពេលចាញ់ Tottenham Hotspur កាលពីចុងសប្តាហ៍មុន។ ទម្រង់លេងរបស់កីឡាករ វ័យ២៧ឆ្នាំ មានភាពធ្លាក់ចុះដោយសារការខ្វាយខ្វល់ពីការចោទប្រកាន់ពី FA ករណីល្បែងភ្នាល់ ដែលអាចបណ្តាលអោយគេត្រូវបានហាមឃាត់មិនអោយលេងបាល់ទាត់នៅអង់គ្លេសមួយជីវិត។ រីឯ Alphonse Areola ដែលជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុមនាពេលកន្លងមកនោះ ក៏នឹងត្រូវដកចេញពីសមាសភាពក្រុមដំបូងដែរ បន្ទាប់ពីការប្រកួតដ៏លំបាករបស់គេទល់នឹង Tottenham Hotspur ហើយសាមីកីឡាករក៏អះអាងដោយខ្លួនឯងថា រូបគេកំពុងមានភាពខ្វះទំនុកចិត្ត។

ការដកឈ្មោះ Paqueta និង Areola នឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់របស់ West Ham United ហើយលោក Julen Lopetegui ត្រូវបានដឹងថា កំពុងព្យាយាមរៀបចំក្រុម ដើម្បីកែលម្អ ស្ថានភាព និង ទំនុកចិត្តរបស់ក្រុមឡើងវិញផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង