
ខ្សែប្រយុទ្ធ Diogo Jota ទំនងអវត្តមានការប្រកួត Liverpool ទល់នឹង Arsenal នៅក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ ដោយសាររបួសឆ្អឹងជំនី។
កីឡាករព័រទុយហ្កាល់ បានទទួលរងរបួសអំឡុងពេលការប្រកួតដែល Liverpool ឈ្នះ Chelsea ២-១ នៅក្នុងជំនួបលីគកំពូលអង់គ្លេស សប្តាហ៍ទី ៨ ក្រោយបានប៉ះទង្គិចជាមួយខ្សែការពារ Tosin Adarabioyo។
របួសនោះបានធ្វើអោយ Diogo Jota ត្រូវប្តូរចេញពីទីលាន ហើយគេក៏បានអវត្តមានការប្រកួត UEFA Champions League ដែល Liverpool ឈ្នះ RB Leipzig ១-០ កាលពីពេលថ្មីៗនេះដែរ។
ឥឡូវនេះ របាយការណ៍ពីសារពត៌មាន Football Insider បានបង្ហាញថា កីឡាករវ័យ២៧ឆ្នាំ អាចនឹងខកខានការប្រកួតទល់នឹងក្រុម Arsenal ថែមទៀត។ របួសឆ្អឹងជំនី មានស្ថានភាពមិនល្អ ដែលអាចនាំអោយ Diogo Jota ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ ៦សប្តាហ៍។
គ្រូបង្វឹកលោក Arne Slot បាននិយាយយ៉ាងខ្លីអំពីស្ថានភាពរបស់ Jota ដោយបញ្ជាក់ថា ភាពឈឺចាប់របស់កីឡាករបានកើនឡើងបន្ទាប់ពីការប៉ះទង្គិចជាមួយកីឡាកររបស់ Chelsea ជាពិសេសនៅពេលដែល Adarabioyo ដួលលើគេ។ ឧបទ្ទវហេតុនេះបានធ្វើអោយ Jota មិនអាច បន្តលេង ហើយវាមិនអនុញ្ញាតអោយរូបគេធ្វើអ្វីធ្ងន់ធ្ងរទេនៅពេលនេះ។
អវត្តមានរបស់ Jota ច្បាស់ជានឹងមានផលប៉ះពាល់សម្រាប់ Liverpool ក្នុងការប្រកួតទល់នឹង Arsenal ខណៈដែលរូបគេបានដើរតួយ៉ាងសំខាន់ក្នុងការចាប់ផ្តើមរដូវកាលដ៏គួរអោយចាប់អារម្មណ៍របស់ក្រុមហង្សក្រហម។
Diogo Jota បានចូលរួមចំណែកស៊ុតបញ្ចូលចំនួន ៤ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ២ លើករួចមកហើយក្នុងការបង្ហាញខ្លួន ១០ ដងនៅគ្រប់ការប្រកួតទាំងអស់។ រូបគេក៏មានកំណត់ត្រាដ៏អស្ចារ្យក្នុងការប្រកួតរបស់ Liverpool ជាមួយ Arsenal នាពេលកន្លងមកដោយរូបគេស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង ចែកបាល់សម្រេចទី២ គ្រាប់ ក្នុង ១៥ប្រកួតទល់នឹងក្រុមកាំភ្លើងធំ នៅគ្រប់ការប្រកួតទាំងអស់៕