×

លោក Gareth Southgate ត្រូវបានផ្សារភ្ជាប់ការទៅដឹកនាំ Crystal Palace

សារព័ត៌មាន Mirror នៅអង់គ្លេស បានរាយការណ៍អោយដឹងថា អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate ត្រូវបានផ្សារភ្ជាប់ទៅនឹងការក្លាយជា គ្រូបង្វឹកថ្មីរបស់ក្លិប Crystal Palace ជំនួសតំណែងលោក Oliver Glasner។

បន្ទាប់ពីការចាញ់ក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ UEFA Euro 2024 លោក Gareth Southgate បានលាលែងចេញពីតំណែងជាគ្រូបង្វឹកក្រុមអង់គ្លេស និង បានប្រកាសថា ចង់ចំណាយពេល១ឆ្នាំសម្រាកពីការងារ។

ទោះយ៉ាងណា របាយការណ៍កាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយពីការចង់វិលត្រឡប់មកកាន់ការងារឡើងវិញរបស់បុរសវ័យ៥៤ឆ្នាំ ជាពិសេសការទៅដឹកនាំក្លិបនៅក្របខណ្ឌ Premier League។

ដំណឹងក៏បានលេចឮឡើង នៅក្រោយពេលបុរស អតីតគ្រូបង្វឹកជម្រើសជាតិ អង់គ្លេសរូបនេះ បានបដិសេធ មិនព្រមទទួលយកការងារ ជាគ្រូបង្វឹករបស់ក្លិបបិសាចក្រហម Man UTD ទៅហើយនោះ ។

Crystal Palace កំពុងពិចារណាទៅលើអនាគត របស់លោក Glasner បន្ទាប់បានដឹកនាំក្លឹបមិនសូវ ទទួលបានលទ្ធផលល្អសោះ ក្នុងការប្រកួតទាំង៨ដងនៃរដូវកាលថ្មីនេះ ដោយអាចយកឈ្នះបានតែម្តង និងស្មើជាច្រើនប្រកួត។

គួរអោយដឹងដែរថា Southgate ក៏ជាអតីតកីឡាករ របស់ក្លឹប Crystal Palace ចន្លោះពីឆ្នាំ១៩៨៨ដល់ឆ្នាំ១៩៩៥ផងដែរ ហើយជឿជាក់ថា រូបលោកនឹងពិចារណាតំណែងនេះ ប្រសិនបើ Crystal Palace នឹងពិតជាបណ្តេញលោក Oliver Glasner ពីតំណែងមែននោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង