ក្លិប Arsenal កំពុងធ្វើការពិចារណាចចារក្នុងការនាំយកខ្សែប្រយុទ្ធ Ferran Torres ពីក្លិប Barcelona សម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
Ferran Torres បានចាកចេញពី Manchester City ទៅចូលរួម Barcelona កាលពីឆ្នាំ ២០២២ ដោយចុះកុងត្រារយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៧។ រូបគេបានបង្ហាញខ្លួន ១២២ដង ស៊ុតបាន ២៦គ្រាប់សម្រាប់ក្រុមអ្នកមានបុណ្យ។
យ៉ាងណា កីឡាករអេស្ប៉ាញ បានធ្លាក់ចេញពីជម្រើសដំបូងរបស់ក្លិប Barcelona អស់មួយរយៈពេលមកហើយដោយជំនួសមកវិញដោយកីឡាករវ័យក្មេង Lamine Yamal និង Raphinha ព្រមទាំង Robert Lewandoswki ផងនៅក្នុងតំបន់ប្រយុទ្ធ។
ដោយសារតែបែបនេះហើយ កីឡាករវ័យ២៤ឆ្នាំក៏ចង់ធ្វើការចាកចេញពី Barcelona ដូច្នេះហើយ Arsenal បានមើលឃើញថាវាគឺជាឳកាសដ៏ល្អបំផុតសម្រាប់នាំយករូបគេ មកកាន់ការប្រកួតប្រជែងនៅលីគកំពូលអង់គ្លេសវិញ។
គ្រូបង្វឹក Arsenal លោក Mikel Arteta បានយល់ដឹងពីសមត្ថភាពរបស់ Ferran Torres អំឡុងពេលរូបលោក នៅជាជំនួយការគ្រូបង្វឹករបស់លោក Pep Guardiola នៅ Manchester City ដូច្នេះលោកចង់រួមការងារជាមួយ រូបគេម្តងទៀត។
សម្រាប់ក្លិប Barcelona វិញ ក៏ចង់បញ្ចេញ Ferran Torres ចេញផងដែរ ដ្បិតប្រាក់ឈ្នួលរបស់គេបានក្លាយជាបញ្ហាសម្រាប់ក្លិប ហើយក្លិបក៏នឹងត្រៀមរង់ចាំស្តាប់សំណើនានា ដែលផ្តល់ជូនមកពីក្លិប Arsenal នាពេលខាងមុខផងដែរ៕