
ក្លិប Liverpool ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើការផ្ទេរកីឡាករដ៏មានសក្តានុពលមួយរូបនោះគឺខ្សែបម្រើ Pablo Barrios របស់ក្លិប Atletico Madrid ។
កីឡាករ វ័យ ២១ឆ្នាំ ត្រូវបានចាត់ទុកថា ជាកីឡាករមានទេពកោសល្យនិងបានបង្ហាញពីការលេងយ៉ាងល្អរបស់ខ្លួនជាមួយ Atletico Madrid និងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងកម្រិតយុវជនផងដែរ។ ដូច្នេះវាច្បាស់ណាស់ថា រូបគេនឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅពេលឆាប់ៗ។
យោងតាមសារព័ត៌មានរបស់អេស្ប៉ាញ Todo Fichajes បានអោយដឹងថា Liverpool កំពុងបង្កើនចំណាប់អារម្មណ៍របស់ពួកគេទៅលើ Barrios ទោះបីជាការចរចានឹងត្រូវចាប់ផ្តើមយ៉ាងហោចណាស់ ក្នុងតម្លៃខ្ពស់ ៥០ លានអឺរ៉ូ ខណៈដែលកីឡាកររូបនេះមានថ្លៃផ្តាច់កុងត្រា ដល់ទៅ ១០០លានអឺរ៉ូ។
Liverpool ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Pablo Barrios ជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់មានសកម្មភាពណាមួយនោះទេ ដោយក្លិបកំពុងពិនិត្យមើលពីការវិវឌ្ឈរបស់រូបគេសិន ប៉ុន្តែ នៅពេលនេះ មានលទ្ធភាពខ្ពស់ដែលពួកគេនឹងចំណាយដើម្បីនាំយកកីឡាករអេស្ប៉ាញ។
ក្លិបហង្សក្រហម បានចំណាយប្រាក់យ៉ាងច្រើនលើខ្សែបម្រើថ្មីៗ កាលពីរដូវក្តៅមុន ដោយនាំយក Alexis Mac Allister, Ryan Gravenberch, Dominik Szoboszlai និង Wataru Endo បន្ទាប់ពីការចាកចេញរបស់ Jordan Henderson, Fabinho, Naby Keita, Alex Oxlade-Chamberlain និង James Milner ។ បន្ទាប់មក Thiago Alcantara បានចូលនិវត្តន៍នៅរដូវក្តៅនេះ ដូច្នេះអាចមានកន្លែងសម្រាប់កីឡាករផ្សេងទៀតដូចជា Pablo Barrios ដើម្បីផ្តល់អោយលោក Arne Slot នូវជម្រើសកាន់តែច្រើន។
សម្រាប់ Atletico Madrid នឹងមិនចង់អនុញ្ញាតអោយ Pablo Barrios ចាកចេញនោះទេ ប៉ុន្តែពួកគេក៏ពិបាកក្នុងការបដិសេធសំណើលុយធំពីក្លិបដទៃដែរ។
សម្រាប់សាមីកីឡាករ Pablo Barrios ផ្ទាល់ក៏មានមហិច្ឆតាចង់ឈ្នះពានរង្វាន់ធំៗនៅពេលណាមួយដែរ ហើយរូបគេមិនច្បាស់ថា ក្លិប Atletico Madrid អាចសម្រេចជោគជ័យឬយ៉ាងណាទេ។
ការនាំយកកីឡាករថ្មីៗមកបន្ថែម ក៏ដើម្បីជាការកាត់បន្ថយក្តីបារម្ភធំមួយទៀតសម្រាប់ Liverpool នៅពេលនេះ គឺកីឡាករទាំងបីដែល Mohamed Salah, Trent Alexander-Arnold និង Virgil van Dijk កំពុងជិតដល់ថ្ងៃផុតកំណត់នៃកិច្ចសន្យារបស់ពួកគេ៕