×

គ្រូ Man UTD ថា VAR មានភាពលំអៀងទើបធ្វើអោយក្រុមខ្លួនចាញ់ West Ham

គ្រូបង្វឹក លោក Erik Ten Hag បាននិយាយថា ក្រុម Man UTD របស់លោកបានទទួលរង ភាពលំអៀង មិនយុត្តិធម៌ពីការសម្រេចរបស់ប្រព័ន្ធ VAR ដែលធ្វើអោយក្រុមបានប្រកួតចាញ់ West Ham United។

ជាការពិត ការប្រកួត ក្របខណ្ឌ Premier League សប្តាហ៍ទី ៩ ដែលធ្វើឡើងនាកីឡដ្ឋាន London Stadium ក្រុម Man UTD បានប្រកួតចាញ់ West Ham ដោយលទ្ធផល ២-១ កាលពីយប់មិញ។

ក្រុមបិសាចក្រហមត្រូវបានមើលឃើញថា បានគ្របសង្កត់ទៅលើក្រុមម្ចាស់ផ្ទះញញួរយក្ស ប៉ុន្តែ មិនមានគ្រាប់បាល់កើតឡើងទេពីសំណាក់ក្រុមទាំងសងខាងនៅក្នុងវគ្គទី១។

ភាពស្ងប់ស្ងាត់បានបន្ត ចូលដល់វគ្គទី២ នាទី៧៥ ទើប Crysencio Summerville បានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកសម្រាប់ ក្រុមម្ចាស់ផ្ទះ West Ham។ យ៉ាងណាមិញ នាទី៨១ Casemiro បានតែតបញ្ចូលទី តាមស្មើអោយក្រុមភ្ញៀវ Man UTD វិញ។ ការប្រកួតដំណើរការធម្មតា ប៉ុន្តែនៅចុងម៉ោង ការប៉ះទង្គិចរវាង Matthijs de Ligt និង Danny Ings បានកើតឡើង ហើយក្រោយពីអាជ្ញាកណ្តាលពិនិត្យ VAR រួច ក៏សម្រេចអោយ West Ham ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ និងត្រូវបានទាត់បញ្ចូលទីដោយ Jarrod Bowen មុនបញ្ចប់ការប្រកួតដោយលទ្ធផល West Ham ២ Man UTD ១។

បរាជ័យនេះបានធ្វើអោយគ្រូបង្វឹក Man UTD លោក Erik Ten Hag មានភាពមិនសប្បាយចិត្តទេ និងអះអាងថា ក្រុមខ្លួនហាក់រងភាពអយុត្តិធម៌ពីការសម្រេចចិត្តរបស់ VAR ដែលបានផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅក្រុមគូប្រជែង។

ទាក់ទិននឹងរឿងនេះ លោក Erik Ten Hag បាននិយាយក្រោយចប់ការប្រកួតថា “ VAR បានធ្វើការសម្រេចចិត្តមិនច្បាស់លាស់ និង ភាពលំអៀងនៅក្នុងការប្រកួតរបស់យើង។ ខ្ញុំបានព្យាយាមនិយាយជាមួយមន្ត្រីអាជ្ញាកណ្តាល ប៉ុន្តែការសម្រេចចិត្តបានធ្វើរួចទៅហើយ ហើយខ្ញុំមិនអាចធ្វើអ្វីបានទេ។ វាជាលើកទី៣ហើយ ដែលខ្ញុំមានអារម្មណ៍ថា យើងបានរងភាពអយុត្តិធម៌ ហើយវាមិនត្រឹមត្រូវទេសម្រាប់ពួកយើង។”

លទ្ធផលមិនល្អនេះបានបន្ថែមសម្ពាធទៅលើលោក Erik Ten Hag ខណៈដែលកៅអីរបស់លោកកំពុងឡើងកម្តៅស្រាប់ទៅហើយ។

ឆ្លងកាត់៩ប្រកួតនៅក្របខណ្ឌ Premier League 2024-25 Man UTD ឈ្នះ៣ ស្មើ២ ចាញ់៤ មាន១១ពិន្ទុ ឈរលេខ១៤ក្នុងតារាងពិន្ទុ ខណៈ West Ham ឈរលេខ១៣ មាន១១ពិន្ទុដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង