×

គ្រូ Arsenal បង្ហាញភាពខកចិត្តក្រោយរបូតឱកាសយក៣ពិន្ទុពី Liverpool

គ្រូបង្វឹក លោក Mikel Arteta បានបង្ហាញពីភាពខកចិត្តបន្ទាប់ពីក្រុម Arsenal របស់លោក បានរបូតឱកាសយកឈ្នះក្រុម Liverpool នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ៩។ ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ក្រោយការរកគ្រាប់បញ្ចូលទីបានយ៉ាងល្អរបស់ Mohamed Salah។

ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Emirates កាលពីយប់មិញ ក្រុមទាំង២មានឱកាសក្នុងការគ្រប់គ្រងបាល់និងឱកាសនៃការស៊ុតបាល់ប្រហាក់ប្រហែលគ្នា។ យ៉ាងណា ដំណើរការបាន៩នាទី Bukayo Saka បានស៊ុតបញ្ចូលទីគ្រាប់បើកឆាកសម្រាប់ក្រុមកាំភ្លើងធំនាំមុខមុន។ នាទី១៩ Virgil van Dijk បានតែតបញ្ចូលទី តាមស្មើអោយក្រុមហង្សក្រហម ប៉ុន្តែនាទី៤៣ Mikel Merino បានតែតបញ្ចូលទី អោយក្រុមម្ចាស់ផ្ទះ Arsenal នាំមុខសាជាថ្មី មុនចប់វគ្គទី១ ។

ចូលមកដល់វគ្គទី២ កីឡាករក្រុមទាំងសងខាងវាយសម្រុកដាក់គ្នាយ៉ាងខ្លាំងក្លាបន្តទៀត ប៉ុន្តែមិនទាន់មានក្រុមណាអាចស៊ុតបញ្ចូលទីបានទេនៅដើមវគ្គ។ នាទី៨១ Mohamed Salah បានក្លាយជាវីរបុរសសង្គ្រោះក្រុម Liverpool ក្រោយពីការស៊ុតបញ្ចូលទីបានសម្រេចដើម្បីតាមស្មើដោយលទ្ធផល ២-២ មុនចប់ការប្រកួត។

ការរបូតឱកាសយកឈ្នះរបស់ក្រុម Arsenal បានធ្វើអោយគ្រូបង្វឹកលោក Mikel Arteta មានការខកចិត្ត ប៉ុន្តែលោកនៅតែមានមោទនភាពចំពោះការបង្ហាញគុណផលល្អរបស់កូនក្រុមក្នុងការប្រកួតនេះ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបានថ្លែងអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “បាទខកចិត្តខ្លាំងណាស់ ខ្ញុំពិតជាខកចិត្តដែលពួកយើងមិនបានឈ្នះការប្រកួតថ្ងៃនេះ ព្រោះខ្ញុំគិតថាយើងលេងល្អជាង ប៉ុន្តែបែរជារបូតឱកាសល្អទៅវិញ។”

បុរសវ័យ ៤២ឆ្នាំបន្តថា “ យ៉ាងណា ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុម និងជាពិសេសជាមួយនឹងស្ថានភាពដែលយើងកំពុងឆ្លងកាត់នៅពេលនេះ ហើយប្រហែលជាយើងនឹកស្មានមិនដល់។ ខ្ញុំគិតថាពួកយើងពិតជាលេងបានល្អ មានភាពមុតស្រួច មានការតាំងចិត្ត។ ភាពល្អប្រសើរនេះធ្វើអោយខ្ញុំជឿថា យើងនឹងអាចឈ្នះការប្រកួតវិញនៅពេលក្រោយ។”

ចែកគ្នាម្នាក់១ពិន្ទុនេះ ធ្វើអោយ Arsenal នៅឈរលេខ៣ មាន១៨ពិន្ទុ ខណៈ Liverpool រអិលចុះមកលេខ២ វិញមាន ២២ពិន្ទុ តិចជាងក្រុមកំពូលតារាង Man City ១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង