
ខ្សែបម្រើ Rodri របស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និង ក្លិប Manchester City បានក្លាយជាម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ដែលជាពានរង្វាន់កីឡាករឆ្នើមបំផុតលើលោកប្រចាំឆ្នាំ ២០២៤។
ការក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ជាលើកដំបូងក្នុងអាជីពនេះ Rodri បានយកឈ្នះទាំង ខ្សែបម្រើប្រេស៊ីល Vinicius Junior និងខ្សែបម្រើ Jude Bellingham របស់ក្លិប Real Madrid ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ និង លេខ៣។
កីឡាករវ័យ២៨ឆ្នាំ បានបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យនាពេលកន្លងមក ដោយបានជួយក្លិប Manchester City ឈ្នះពានរង្វាន់ Premier League ជាលើកទី៤ ជាប់ៗគ្នា រួមទាំង UEFA Super Cup និង FIFA Club World Cup។ Rodri ក៏បានជួយក្រុមជម្រើសជាតិអេស្ប៉ាញលើកពាន UEFA Euro ឆ្នាំ ២០២៤ ដែលជាលើកទី៤ក្នុងប្រវត្តិសាស្ត្រ និងជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកអឺរ៉ុបនាពេលនោះផងដែរ។
Rodri គឺជាកីឡាករលេងតំណែងជាខ្សែបម្រើការពារទី១ដែលបានឈ្នះពានរង្វាន់ Ballon d’Or ចាប់តាំងពីលោក Lothar Matthaus ដែលបានឈ្នះនៅឆ្នាំ ១៩៩០ ហើយរូបគេគឺជាកីឡាករជនជាតិអេស្ប៉ាញទី៣ ដែលបានឈ្នះពាននេះ បន្ទាប់ពី លោក Alfredo Di Stefano ដែលឈ្នះក្នុងឆ្នាំ ១៩៥៧,១៩៥៩ និងលោក Luis Suarez ដែលបានឈ្នះក្នុងឆ្នាំ១៩៦០។
នៅក្នុងការទទួលបានពានរង្វាន់ Ballon d’Or នេះ កីឡាករ Rodri បានអះអាងថា ខ្លួនពិតជាមានភាពភ្ញាក់ផ្អើល និង មិននឹកស្មានថារូបគេអាចឈ្នះពានរង្វាន់នេះទេ ប៉ុន្តែការឈ្នះគឺជាមោទនភាពសម្រាប់ខ្លួនគេ និង វិស័យបាល់ទាត់របស់ប្រទេសអេស្ប៉ាញ។
Rodri ដែលឡើងទៅទទួលពានទាំងរបួសជើង បានអោយដឹងដូច្នេះថា “នៅពេលដែលគេប្រកាសឈ្មោះខ្ញុំថា បានឈ្នះពាន Ballon d’Or ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ព្រោះខ្ញុំមកចូលរួមកម្មវិធីនេះ ដូចកីឡាករដទៃប៉ុណ្ណោះ។ វាជារឿងដ៏រីករាយ និង មានអត្ថន័យបំផុតសម្រាប់រូបខ្ញុំ។ នេះជារង្វាន់ដ៏ធំមួយនៅក្នុងជីវិតខ្ញុំ ហើយជោគជ័យនេះមិនសម្រាប់តែខ្ញុំនោះទេ ប៉ុន្តែវាបានមកដោយសារការរួមចំណែករបស់ក្លិប និង ក្រុមជម្រើសជាតិអេស្ប៉ាញរបស់ខ្ញុំ។”
ដោយឡែក ពានរង្វាន់ដទៃទៀតដូចជា ពានរង្វាន់គ្រូបង្វឹកល្អបំផុតបានទៅលោក Carlo Ancelotti។ ពានរង្វាន់កីឡាករវ័យក្មេងល្អបំផុត Kopa Trophy បានទៅ Lamine Yamal ខ្សែបម្រើអេស្ប៉ាញ និងក្លិប Barcelona។ ពានរង្វាន់អ្នកចាំទីឆ្នើម បានទៅ Emiliano Martinez របស់អាហ្សង់ទីន និងក្លិប Aston Villa និងជាលើកទី២ជាប់គ្នា។
ពានរង្វាន់ Ballon d’Or សម្រាប់នារីវិញ បានទៅកីឡាការិនី Aitana Bonmati របស់អេស្ប៉ាញ និងក្រុម Barcelona ដដែល បន្ទាប់ពីឈ្នះពានរង្វាន់នេះកាលពីឆ្នាំ ២០២៣។ អ្នកស្រី Emma Hayes សញ្ជាតិអង់គ្លេស ជាប់ជាគ្រូបង្វឹកឆ្នើមនារី ឆ្នាំ ២០២៤៕